សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ៧រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសតំណាងឱ្យកម្ពុជាទាំងមូល ឡើងយន្តហោះទៅប្រកួតចំណេះដឹងពិភពលោកស្ដីពី ទិវាប្រវត្តិសាស្ត្រធម្មជាតិសាកលលោកឆ្នាំ២០១៩ (Global Natural History Day 2019) វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។
បេក្ខជនទាំង៧រូបនោះរួមមានទី១ លុយ សុវណ្ណលីហ្សា ទី២ ឈួរ គីមហាក់ ទី៣ នន្ទ សុខាវីន ទី៤ ណារិទ្ធ វេជ្ជដា ទី៥ ស៊ាង ពុទ្ធិពណ្ណរាយរាម ទី៦ គីម ទី និងទី៧បេក្ខជន ឈឹម រតនៈពង្ស ជាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
បើតាមនាយកចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី លោក ប៉ាំង លាងស៊ីម បានឱ្យដឹងថា សិស្សានុសិស្សទាំង៧រូបនេះ បានឡើងយន្តហោះទៅប្រទេសចិនកាលពីយប់ថ្ងៃទី១៧កក្កដា ដើម្បីប្រកួតដណ្ដើមពានរង្វាន់ក្នុងកម្មពិធីស្ដីពី (Global Natural History Day 2019) ។
លោកបន្តថា ការប្រកួតចំណេះដឹងប្រវត្តិសាស្រ្តធម្មជាតិសាកលលោក នៅប្រទេសចិននេះ ធ្វើឡើងបន្ទាប់ពីទទួលបានជ័យលាភីក្នុងវគ្គប្រកួតជម្រុះជុំទី១ និងទី២ នៅកម្ពុជា ដែលមានបេក្ខជនជាច្រើននាក់ និងមកពីសាលាផ្សេងៗគ្នាក្នុងការប្រកួតប្រជែង កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ ដែលរៀបចំដោយក្រសួងអប់រំ។
នាយកចាងហ្វាងរូបនេះ បញ្ជាក់ថា កម្មវិធីប្រកួតចំណេះដឹងដែលមានលក្ខណៈអន្តរជាតិនេះ គឺមានបណ្ដាប្រទេសជាច្រើននៅលើសាកលលោកបានចូលរួមប្រកួតប្រជែង នៅប្រទេសចិនផងដែរ។ ព្រោះការប្រកួតនេះ ក៏ជាឱកាសពិសេសមួយ សម្រាប់សិស្សានុសិស្សបណ្ដាប្រទេសនានានៅលើសាកលលោក ជាពិសេសយុវជនកម្ពុជា បានបញ្ចេញស្នាដៃ សមត្ថភាព ទេពកោសល្យ ភាពច្នៃឌិត ដើម្បីបង្ហាញទៅកាន់ពិភពលោកថា យុវជនកម្ពុជា មិនខ្សោយនោះទេ។
បើតាមគណកម្មការទិវាប្រវត្តិសាស្ត្រធម្មជាតិសាកលប្រចាំកម្ពុជាថា កម្មវិធីនេះរៀបចំដោយ Behring Global Education Foundation ក្រុងសៀងហៃ ប្រទេសចិន ដែលផ្តោតសំខាន់ទៅលើគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្តធម្មជាតិ និងការតាំងបង្ហាញស្នាដៃវិទ្យាសាស្រ្ត ព្រមទាំងការធ្វើបទបង្ហាញជាភាសាអង់គ្លេស។
សូមរម្លឹកថា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងប្រទេសកម្ពុជាចំនួន៥រូប បានដណ្ដើមមេដាយមាស៥គ្រឿង និង២រូបទៀត ដណ្ដើមមេដាយប្រាក់បាន២គ្រឿង ពីការប្រកួត Global Natural History Day 2018 នៅសាធារណរដ្ឋប្រជាមានិតចិន ម្ដងរួចមកហើយដែរ៕