បីថ្ងៃបន្ទាប់ពីបានដឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ១៦រូប ដែលទទួលបាននិទ្ទេស A បានចូលជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលារៀនមួយនេះ នៅសាលសន្និសីទ បៀលលី សូវ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីរសៀលថ្ងៃទី១៣កញ្ញា ម្សិលមិញ។ នៅក្នុងជំនួបសំណេះសំណាលរវាងគណៈគ្រប់គ្រងសាលានិងសិស្សឆ្នើមប្រចាំឆ្នាំសិក្សារបស់ខ្លួននាពេលនេះ គឺធ្វើឡើងក្នុងចេតនាយកចិត្តទុកដាក់ជំរុញលើកទឹកចិត្តលើការសិក្សារបស់សិស្ស និងផ្តល់គំនិតប្រឹក្សាក្នុងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាជាដើម។
ថ្លែងនៅចំពោះមុខសិស្សនិទ្ទេស A ទាំង១៦រូប លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា គណៈគ្រប់គ្រងទាំងអស់ពិតជាមានមោទនភាពចំពោះលទ្ធផលដែលមិនអាចកាត់ថ្លៃបាននេះ។ សមិទ្ធផលនេះ បានបញ្ជាក់ពីសមត្ថភាពសិក្សាពោរពេញទៅដោយសក្ដានុពល។ លោកស្រីបន្តថា សក្ដានុពលដែលកើតចេញពីការខិតខំប្រឹងប្រែង ព្យាយាម តស៊ូ ស្រវាស្រទេញសិក្សារៀនសូត្រលុះក្នុងអំណាចនៃសេចក្ដីចង់ចេះចង់ដឹង បូករួមនឹងចូលរួមការយកចិត្តទុកដាក់ពីសាលារៀន លោកគ្រូ អ្នកគ្រូ ឬបុគ្គលិកសិក្សាយ៉ាងពេញទំហឹង ហើយជាលទ្ធផលសិស្សដែលជាប់និទ្ទេស A បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រធានចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង មានលោក ជាង ប៊ុនលី និងលោកស្រី សាឯម កម្រង បានបន្ថែមពីលើនេះថា លទ្ធផលនេះ គឺមិនមែនកើតចេញពីការរៀនគួរ ឬកើតចេញពីការបន់ស្រន់ឡើយ តែកើតចេញ ពីការខិតខំដោយខ្លួនឯង គួបផ្សំជាមួយនឹងសាលារៀន។ ទោះជាយ៉ាងណាក៏ដោយ មុននឹងបន្ត ឬឈានជើងចូល មហាវិទ្យាល័យ សិស្សពិតជាត្រូវការ តម្រង់ទិសក្នុងទិសដៅឈ្វេងយល់ពីការជ្រើសរើសមុខជំនាញសិក្សាទៅ តាមទេពកោសល្យ និងចំណង់ចំណូលចិត្ត ដើម្បីចៀសវាងការខាតពេលវេលា ខាតលុយ ខូចទាំងប្រយោជន៍ និងជាហេតុធ្វើឱ្យមានវិប្បសារីក្នុងជីវិត។
គួរជម្រាបជូនថា សិស្សឆ្នើមដែលទទួលបាន A ទាំង១៦នាក់នោះ រួមមានយុវសិស្ស សុង សុខាវុឌ្ឍិ, យុវតីលូ យូអ៊ី, លីម តេងហ៊ុយ, យុវជន ភោគ ឧត្តមកិត្យា, ញ៉ឹក ធីរ៉ានិកឧត្តម, តេង គីមស័ង, ឆាយ ឈុនលី, លាង ប៉ូលីនណា, លី ឌីនីកា, អេង លីបណ្ឌិត, លីម ឈីវហ៊ុង, សុខ ហ្ស៊ុយអេង, ហេង គីមហុង, ឈូក ច័ន្ទធីតា, ទូច បញ្ញា និងយុវតី ហួរ គឹម ស៊ីន។
គួរបញ្ជាក់ថា ក្រៅតែពីសិស្សទទួលបាននិទ្ទេស A ចំនួន១៦នាក់នោះ ក៏មានដែរសិស្សទទួលបាននិទ្ទេស B ចំនួន៨៤នាក់, និទ្ទេស C ចំនួន១១៣នាក់, និទ្ទេស D ចំនួន១០០នាក់ និងនិទ្ទេស E មានចំនួន២០៣នាក់។ យោងតាមលទ្ធផលនេះ បើធៀបទៅនឹងឆ្នាំសិក្សាកន្លងទៅនោះ សាលារៀនឯកជនកូនកាត់ដ៏ល្បីឈ្មោះមួយនេះ មានសិស្សនិទ្ទេស A កើនឡើងចំនួន៩នាក់ផងដែរ៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ