យុវ​តី ហេង សុខមាន

សិស្ស​​ថ្នាក់​ទី១០ ​”​ក”

សិស្សឆ្នើម ជាអនាគតយុវជនឆ្នើមដែលជាសសរទ្រូងដ៏រឹងមាំរបស់ជាតិមាតុភូមិ។ យុវតី ហេង សុខមាន ជាសិស្សថ្នាក់ទី១០ក នៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ នាមជាយុវជនមួយរូប ក្រៅអំពីការងារសប្បុរសធម៌សង្គម យុវសិស្ស ហេង សុខមាន ជាសិស្សដែលមានការព្យាយាមយកចិត្ត ទុកដាក់ខ្ពស់ក្នុងការសិក្សា ដូច្នេះហើយទើបលទ្ធផលនៅដំណាច់ឆ្នាំសិក្សាកន្លងមក ប្អូនទទួលបាន និទ្ទេសរហូតល្អប្រសើរ និងក្លាយជាសិស្សឆ្នើមប្រចាំសាខា។ ភាពជាសិស្សឆ្នើម ប្អូនស្រីបញ្ជាក់ថា ៖សិស្សឆ្នើម ចាំបាច់ណាស់ត្រូវមានផែនការសិក្សាច្បាស់លាស់ ដោយបែងចែក “សកម្មភាពសិក្សា ការលំហែកម្សាន្ត និងសកម្មភាពចាំបាច់នានា”។

១. សកម្មភាពក្នុងការសិក្សា

ការសិក្សា គឺការស្រូបយកនូវធនធានចំណេះដឹងមកអភិវឌ្ឍន៍ខ្លួន។ ការសិក្សាមានទាំងនៅ        ក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀនសិក្សាក្នុងថ្នាក់រៀនអ្នកសិក្សាចាំបាច់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ គ្រូពន្យល់ដោយអនុវត្តន៍តាមទិសស្លោក “សុ. ចិ. បុ. លិ.” ពិសេសេទៅទៀតនោះវិន័យ និងអវត្តមានក៏ជា កត្តាគួបផ្សំ។ ដោយឡែក ការសិក្សាក្រៅថ្នាក់រៀន សម្ដៅដល់សកម្មភាពស្វ័យសិក្សា។ ស្វ័យភាពស្ដែង ឡើងតាមរយៈសម្រាវជ្រាវរាល់ប្រភពឯកសារពាក់ព័ន្ធក្នុងបណ្ណាល័យ បណ្ដាញសង្គម  ក៏ដូចជាការបង្កើត ក្លឹបសិក្សា។ ជាងនេះទៅទៀត សិស្សឆ្នើមតែងមានគំនិតច្នៃប្រឌិតខ្ពស់ ដោយចេះឆ្លុះបញ្ចាំងទ្រឹស្ដីទៅក្នុង ជីវភាពប្រចាំថ្ងៃ ដើម្បី ពន្លេចនូវរបកគំហើញថ្មីៗ។ ត្រង់ចំណុចនេះ ប្អូនស្រីអះអាងថា ៖ បច្ចុប្បន្ននាងខ្ញុំ ផ្ទាល់កំពុងអនុវត្តន៍សកម្មភាពផ្សាភ្ជាប់ទ្រឹស្ដីជីវៈ-គីមីក្នុងទិដ្ឋភាពផ្ទាល់ ដោយការដាំដុះបន្លែធម្មជាតិ Hydroponic ទីបំផុតនាងខ្ញុំទទួលបានជោគជ័យ។ ដូច្នេះការសិក្សាក្នុងថ្នាក់មួយមុខមិនទាន់គ្រប់គ្រាន់ ក្នុងការធ្វើឱ្យយើងក្លាយជាសិស្សឆ្នើមឡើយ។

២. សកម្មភាពលំហែកម្សាន្ត

ខ្លួនមនុស្សមិនខុសពីគ្រឿងម៉ាស៊ីនទេ ចាំបាច់ត្រូវតែមានការឈប់សម្រាក និងតំហែទាំ។ការឈប់សម្រាកជាឱកាសក្នុងការថែទាំ និងបំប៉នសមត្ថភាពខួរក្បាលឱ្យឆ្លាតវៃ មានលំនឹកកម្ម និងការចងចាំបានល្អ។ ដូច្នេះនៅចន្លោះម៉ោងសិក្សា នាងខ្ញុំតែងតែលំហែយកខ្យល់អាកាសបរិសុទ្ធ            ទស្សនារូបភាពទេសភាពប្លែកៗ ឬមើលវីដេអូកម្សាន្តខ្លី។ ក្រៅពីការសម្រាក តំហែទាំសុខភាពជារឿងសំខាន់ ព្រោះសុខភាពជាគ្រាប់ពេជ្រដែលមិនអាចកាត់ថ្លៃបាន។ ហេតុនេះ យើងត្រូវថែទាំសុខភាពសារពាង្គកាយ ដោយការគេងឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារសំបូរជីវជាតិ ធ្វើលំហាត់ប្រាណ និងរក្សាអនាម័យជាប្រចាំ ក្រោមរូបភាព “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ”។

៣. សកម្មភាពចាំបាច់នានា

សកម្មភាពចម្បងដែលប្អូនស្រី ហេង សុខមាន យល់ថាសំខាន់ និងចាំបាច់សម្រាប់ប្អូន  គឺការប្រតិបត្តិ ខ្លួនជា “កូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម ”។ភាពជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៣នាក់ និងមានកម្រិតជីវភាពត្រឹមមធ្យម ប្អូនតែងធ្វើខ្លួនជាកូនល្អ ជាគម្រូដល់ប្អូនៗ ដោយភ្ញាក់ពីព្រលឹមរំឭកមេរៀន ជួយរៀបចំអាហារពេលព្រឹក ត្រួតពិនិត្យសម្ភារសិក្សាប្អូន និងឆ្លៀតថែទាំសួនបន្លែមុនទៅសាលារៀន។ ត្រឡប់ពីសាលា ប្អូនតែងជួយម្ដាយធ្វើម្ហូប រៀបចំតុអាហារ។ ទទួលទានអាហាររួច ប្អូនត្រួតពិនិត្យកិច្ចការដែលគ្រូដាក់ឱ្យ និងជួយពន្យល់លំហាត់      ប្អូន។ បន្ទាប់ពីនោះ ប្អូនចាប់ផ្ដើមមើលថែបន្លែ Hydroponic ក្នុងសួនបន្លែដែលប្អូនបានដាំ ត្បិតបន្លែ      ទាំងនេះ ក្រៅពីផ្ដល់ជាអាហារសម្រាប់គ្រួសារប្អូន វាថែមទាំងជាប្រភពចំណូលទ្រទ្រង់ការសិក្សាប្អូនមួយផ្នែកធំ និងអាចឱ្យប្អូនសន្សំបានប្រាក់មួយចំនួនយកទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌ថែមទៀត។ភាពជាសិស្សល្អ ប្អូនសកម្មក្នុងការសិក្សា ក្លាហាន មានសីលធម៌ល្អ ចេះចែករំលែក និងជាទីប្រឹក្សាសម្រាប់សិស្សគ្រប់គ្នា។ ជាពិសេសរាល់កិច្ចការដែលគ្រូដាក់ឱ្យ ប្អូនមិនដែលយឺតយ៉ាវ ឬខកខានប្រគល់ជូនគ្រូវិញឡើយ។ លើសពីភាពជាកូនល្អ និងសិស្សល្អ ប្អូនស្រី ហេង សុខមាន ជាយុវជនគម្រូមួយរូប ដែលតែងចូលរួមរាល់សកម្មភាពសប្បុរសធម៌សង្គម។ ជាក់ស្ដែង ក្នុងពេលប្រទេសជួបវិបត្តិគ្រោះទឹកជំនន់ ប្អូនបានដឹកនាំមិត្តភក្ដិនាំយកធនធានផ្ទាល់ខ្លួនរួមមាន ៖ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ អាល់កុលលាងដៃព្រមទាំងសម្ភារមួយចំនួនទៀតទៅចូលរួមជាមួយមូនិធិ ម៉េងលី ជេ គួច ចែកជូនប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៣០០គ្រួសារ ក្នុងសង្កាត់ វាលស្បូវ រាជធានីភ្នំពេញ។ សកម្មភាពដ៏ប្រពៃទាំងអម្បាល់ម៉ាន ជាតឹកតាងប្រាកដថា យុវតី ហេង សុខមាន ពុំត្រឹមតែជាធនធានឆ្នើមរបស់គ្រឹះស្ថានសិក្សា អន្តទ្វីប អាមេរិកាំង ប៉ុណ្ណោះទេ ប្អូនស្រីក៏ជាអនាគតទំពាំងប្រកបដោយគុណភាពរបស់ជាតិកម្ពុជាទាំងមូល។