គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅព្រឹកថ្ងៃទី២៩សីហា នេះ បានបើកសិក្ខាសាលាមួយស្ដីពី “វិធីសាស្រ្តបង្រៀនភាសាខ្មែរ” ជូនដល់លោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៣សាខា ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់បឋមសិក្សា ប្រមាណជាង៨០នាក់ ក្រោមការធ្វើបទបង្ហាញពីសំណាក់លោក យ៉ង់ កំស៊ាន អនុប្រធានការិយាល័យកម្មវិធីសិក្សាភាសាខ្មែរ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ស្ថិតនៅសាលប្រជុំ ផល គួច នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ថ្លែងនាឱកាសសិក្ខាសាលានោះ លោក យ៉ង់ កំស៊ាន បានលើកឡើងថា តាមការសង្កេតទូទៅ បច្ចុប្បន្នទោះបីលោកគ្រូ អ្នកគ្រូទាំងតាមបណ្ដាសាលារដ្ឋ និងសាលាឯកជន បានយកចិត្តទុកដាក់ខ្ពស់លើការបង្រៀនសិស្សហើយក៏ដោយ ប៉ុន្តែក៏នៅមានបញ្ហាលំបាកមួយចំនួនដែរ។ បញ្ហាលំបាកមួយចំនួននោះ ត្រង់ថាសិស្សថ្នាក់តូចៗមួយចំនួនគឺខ្សោយលើផ្នែកអំណាន។ មានន័យថា ពួកគាត់ពុំមានម្ចាស់ការលើការអានអក្សរដោយខ្លួនឯងបាន រហូតមានសិស្សមួយចំនួនទៀតពុំចាំព្យញ្ជនៈ និងស្រៈជាដើម។ អនុប្រធានការិយាល័យកម្មវិធីសិក្សាភាសាខ្មែររូបនេះ ក៏បានបង្ហើបឱ្យដឹងដែរថា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការចាប់ផ្ដើមបង្រៀនសិស្សថ្នាក់ទី១ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដំបូងគ្រូត្រូវអនុវត្តវិធីសាស្រ្ត១៣ចំណុចសំខាន់ៗ។ ក្នុងចំណោមវិធីសាស្រ្តទាំង១៣ចំណុចនោះរួមមាន គ្រូត្រូវប្រើក្ដារខៀនដែលមានក្រឡាទម្រង់៣/៤, សិស្សត្រូវប្រើកា្ដរឆ្នួនដែលមានក្រឡាទម្រង់៣/៤, សិស្សត្រូវប្រើសៀវភៅសរសេរដែលមានក្រឡាទម្រង់៣/៤, គ្រូត្រូវណែនាំពីរបៀបប្រើក្តារឆ្នួនដល់សិស្ស, គ្រូត្រូវណែនាំសិស្សពីរបៀបប្រើសៀវភៅសរសេរ, គ្រូត្រូវពិនិត្យសៀវភៅសរសេររបស់សិស្សជាប្រចាំ និងដាក់ពិន្ទុ, ការបិទតាំងសំណេរផ្សេងៗក្នុងបន្ទប់រៀន ត្រូវបិទជាអក្សរដែលងាយស្រួលដល់សិស្សអាន ឬអក្សរដូចសៀវភៅពុម្ពដែលពួកគេរៀន ពិសេសមុនពេលបង្រៀនសិស្ស គ្រូត្រូវណែនាំអំពីវិន័យសាលាដល់សិស្សជាមុន។
សូមជម្រាបជូនថា សិក្ខាសាលានេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើនសមត្ថភាព ក៏ដូចជាចំណេះដឹងផ្នែកភាសាខ្មែរដល់លោកគ្រូ អ្នកគ្រូ ជាពិសេសដើម្បីរកវិធីសាស្រ្តងាយៗជូនលោកគ្រូអ្នកគ្រូក្នុងការបង្រៀនសិស្សានុសិស្សឱ្យឆាប់យល់ និងឆាប់ចេះអាន ដើម្បីជាគ្រឹះសិក្សាដល់សិស្សានុសិស្ស។ គួរជម្រាបជូនថា គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែអញ្ជើញវាគ្មិនជំនាញៗលើវិស័យអប់រំ មកចែករំលែកចំណេះដឹង និងបទពិសោធដល់លោកគ្រូអ្នកគ្រូ ដែលជាបុគ្គលិករបស់ខ្លួនជាញឹកញាប់ ពិសេសនៅក្នុងកំលុងពេលវិស្សមកាល។ នេះបើតាមការឱ្យដឹងពីលោក ឡេង សុខអេង ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង៕