កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) រៀបចំសិក្ខាសាលាស្តីពី ការបង្ការជំងឺមហារីកមាត់ស្បូន ជូនដល់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ វាគ្មិនក្នុងកម្មវិធីបានបញ្ជាក់ថា មូលហេតុចម្បងដែលនាំឱ្យកើតជំងឺមហារីកមាត់ស្បូននេះគឺតាមរយៈការរួមភេទ ព្រោះនៅពេលដែលមានការរួមភេទនឹងមានការប៉ះទង្គិច។ មាត់ស្បូន គឺជាកន្លែងដែលរងការប៉ះទង្គិចនូវការឆ្លងមេរោគជាច្រើននៅពេលមានសកម្មភាពរួមភេទដែលពេលនោះ គឺមានមេរោគម្យ៉ាងទៅទុំ លើមាត់ស្បូន ដែលជាមូលហេតុបង្កឱ្យមានជំងឺមហារីក។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ស្រ្តីដែលងាយប្រឈមមុខនឹងការកើតជំងឺមហារីកមាត់ស្បូននេះ គឺស្រ្តីមានដៃគូរួមភេទច្រើន ស្រ្តីមានផ្ទុកមេរោគអេដស៍ និងស្រ្តីដែលឆាប់យកគ្រួសារ ហើយមានផ្ទៃពោះសម្រាលកូនទាំងខ្លួនអាយុក្រោម១៧ឆ្នាំ។ លោកបានឱ្យដឹងដែរថា ចំពោះវិធីបង្ការកុំឱ្យកើតជំងឺនេះគឺរួមភេទត្រូវប្រើស្រោមអនាម័យ កំណត់ដៃគូរួមភេទ ពិនិត្យកោសិកាមហារីកមាត់ស្បូនឱ្យបានទៀងទាត់ និងចាក់ថ្នាំបង្ការ ឬវ៉ាក់សាំងប្រឆាំងមេរោគ ដែលវ៉ាក់សាំងនេះអាចចាក់បានចំពោះមនុស្សស្រីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅ និងការពារបានមួយជីវិត។ ចំពោះវ៉ាក់សាំងការពារ មាននៅលើទីផ្សារកម្ពុជាបច្ចុប្បន្នចំនួន២ប្រភេទ។ វ៉ាក់សាំងទី១ មានឈ្មោះ សេវវ័រីច (Cervarix) និងវ៉ាក់សាំងទី២ មានឈ្មោះ ហ្គាដាស៊ីល (Gardasil) និងមួយប្រភេទទៀតដែលមិនទាន់មាននៅក្នុងប្រទេសកម្ពុជា មានឈ្មោះ ហ្គាដាស៊ីល៩ (Gardasil 9)។ ចំពោះរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនរួមមាន ការធ្លាក់ឈាមតាមទ្វារមាស ដែលការធ្លាក់ឈាមនេះក្នុងរវាងរយៈពេលនៃការមករដូវ បន្ទាប់ពីការរួមភេទ ឬក្រោយអស់រដូវ។ ដោយឡែករោគសញ្ញាផ្សេងទៀត គឺឈឺចាប់អំឡុងពេលរួមភេទ ធ្លាក់សរតាមទ្វារមាស ស្រកទម្ងន់ អស់កម្លាំង ឈឺនៅតំបន់ត្រគាក និងបាត់បង់ចំណង់អាហារ ហើយពេលខ្លះវាក៏មិនបង្ហាញរោគសញ្ញាដែរនៅក្នុងដំណាក់កាលដំបូង។ សិស្សានុសិស្សទទួលបាននូវចំណេះដឹងផ្នែកសុខភាពស្រ្តី យល់ដឹងពីការធ្វើអនាម័យ និងវិធីបង្ការដោយការចាក់វ៉ាក់សាំ។ ពិសេសប្អូនៗសិស្សានុសិស្សនារីដែលមានការចាប់អារម្មណ៍លើប្រធានបទ និងបានយល់កាន់តែច្បាស់ពីជំងឺមហារីកដ៏កាចសាហាវមួយនេះ។