កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានសហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បើកអង្គសិក្ខាសាលាមួយស្ដីពី «សុវត្ថិភាពចំណីអាហារ» ដល់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។
លោក និន សុខរង្សី អ្នកជំនាញផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺកុមារ ប្រចាំនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានថ្លែងនាឱកាសនោះថា «ការញ៉ាំអាហារពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះការញ៉ាំអាហារនេះ មិនមែនសុទ្ឋតែញ៉ាំឱ្យតែបានឆ្អែត ឬញ៉ាំឱ្យតែពេញពោះនោះទេ គឺត្រូវញ៉ាំដើម្បីសុខភាព ហើយគិតគូរពីបញ្ហាសុខភាពខ្លួនឯង»។
អ្នកជំនាញរូបនេះបន្តថា អាហារខ្លះ ពេលញ៉ាំ គឺអាចបណ្តាលឱ្យលើសជាតិខ្លាញ់ និងឆាប់ធាត់ ប៉ុន្តែ បើញ៉ាំអាហារបានត្រឹមត្រូវនោះ យើងអាចជួយដល់សារពាង្គកាយបានច្រើន។
លោក ដុកទ័រ សុខរង្សី បានបញ្ជាក់ក្នុងអង្គសិក្ខាសាលានេះថា អាហារ ដែលកុមារគួរបរិភោគនោះរួមមាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាដើម។ ចំពោះ អាហារ ដែលមិនគួរញ៉ាំនោះមានដូចជា ការ៉ែម ស្ករ ប៊ឺហ្គ័រ សាំងវិច និងភីហ្សា ជាដើម ព្រោះអាហារទាំងអស់នេះ អាចធ្វើឱ្យក្មេងឆាប់ធាត់ កាលណាធាត់ខ្លាំង នោះធ្វើឱ្យសារពាង្គកាយ មានជាតិខ្លាញ់ច្រើន ដែលងាយរងផលប៉ះពាល់ដល់សុខភាព។
គួររម្លឹកថា សាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ទៅលើសុខភាពសិស្សានុសិស្ស និងរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រាល ដល់អ្នកអាណាព្យាបាលសិស្សផងដែរ៕