កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានសហការជាមួយមន្ទីរព្យាបាលធ្មេញសន្តិភាព ដើម្បីរៀបចំសិក្ខាសាលាស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំ ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦។
ទន្តបណ្ឌិត នៃមន្ទីរព្យាបាលធ្មេញសន្តិភាព មានប្រសាសន៍ថា សុខភាពមាត់ធ្មេញជារឿងសំខាន់ ដូចនេះប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវដុសធ្មេញឱ្យបានញឹកញាប់ ត្រូវដុសធ្មេញ២ ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់ដែលនៅសល់កកតាមជើងធ្មេញក្រោយពេលបរិភោបចំណីអាហាររួច។ បើប្អូនៗមានសុខភាពល្អនាំឱ្យមានសុខភាពទូទៅបានល្អ ជួយបង្កើនសោភ័ណភាពផ្ទៃមុខបានស្អាតទៀតផង។
ម្យ៉ាងទៀត យើងត្រូវទៅជួបលោកគ្រូពេទ្យធ្មេញ២ ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យលាងសម្អាតធ្មេញរបស់យើង និងដើម្បីធ្វើការត្រួតពិនិត្យក្រែងមានដង្កូវស៊ី ឬបញ្ហាផ្សេងៗ ការធ្វើបែបនេះគឺដើម្បីកុំឱ្យធ្មេញរបស់យើងមានបញ្ហាធ្ងន់ធ្ងរ ត្រូវចំណាយប្រាក់ច្រើននាំឱ្យខាតបង់ សេដ្ឋកិច្ចគ្រួសារ និងខាតបង់ពេលវេលារៀនសូត្រជាដើម។
ទន្តបណ្ឌិត ក៏បានបង្ហាញពីវិធីសាស្រ្តដើម្បីលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំធ្មេញឱ្យមានសុខភាពល្អ និងការយល់ដឹងអំវិធីសាស្រ្តងាយៗថែរក្សាអនាម័យសុខភាពមាត់ធ្មេញ និងការដុសសម្អាតធ្មេញ។