ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពចំណេះដឹងដល់លោកគ្រូអ្នកគ្រូឱ្យស្គាល់ពីតម្លៃ និងរបៀបសូត្រកំណាព្យ ព្រមទាំងរួមចំណែកថែរក្សាមរតកបូរាណខ្មែរផងនោះ កាលពីរសៀលថ្ងៃទី១៥កញ្ញា ម្សិលមិញនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកសិក្ខាសាលាស្ដីពី វិធីសាស្រ្តតែងនិងសូត្រកំណាព្យជូនដល់លោកគ្រូអ្នកគ្រូរបស់ខ្លួនប្រមាណជាង១០០នាក់ ក្រោមការអញ្ជើញចូលរួមជាវាគ្មិនជំនាញមានឈ្មោះល្បីក្នុងប្រទេសកម្ពុជាពីររូប គឺលោកសាស្រ្តាចារ្យ យ៉ាន់ បូរិន្ទ វរសិល្បករ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងសាលាអភិរក្សមរតកបូរាណខ្មែរ។ លោក សីហា ឧត្តម គ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកបូរាណខ្មែរផងដែរ។ចាប់ផ្តើមបើកកម្មវិធីនោះ តំណាងគណៈគ្រប់គ្រង លោក រឿង សុភាព ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងថា ថ្វីដ្បិតតែលោកគ្រូអ្នកគ្រូពោរពេញដោយសមត្ថភាពក៏ពិតមែន ប៉ុន្តែចាំបាច់ណាស់សម្រាប់ពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូលើវិធីសាស្រ្តតែងនិងសូត្រកំណាព្យបានល្អ ត្រឹមត្រូវ មានសោភ័ណ និងបានស្គាល់ច្បាស់ពីតម្លៃកំណាព្យផង។ លោកបន្តថា ក្រោមហេតុផលនេះ គណៈគ្រប់គ្រងសាលារៀនកូនកាត់មួយនេះ បានគាំទ្រយ៉ាងពេញទំហឹងលើការចូលរួមចំណែកអភិរក្សមរតកបូរាណខ្មែរ ដែលបច្ចុប្បន្នពុំសូវមានអ្នកយកចិត្តទុកនេះ តាមរយៈការបញ្ជ្រាបចំណេះដឹងដល់គ្រូ និងចែករំលែកបន្តពីគ្រូទៅសិស្សានុសិស្សឱ្យបានកាន់តែទូលំទូលាយ។ ដោយយល់ពីតម្លៃនេះ ទើបគណៈគ្រប់គ្រងបង្កើតឱ្យសិក្ខាសាលានេះឡើង។ថ្លែងក្នុងនាមជាវាគ្មិនកិត្តិយស លោកសាស្រ្តាចារ្យ យ៉ាន់ បូរិន្ទ វរសិល្បករ បានថ្លែងស្ងោចសរសើរ ចំពោះសាលារៀនកូនកាត់មួយ ដែលយកចិត្តទុកដាក់យ៉ាងផុសផុលលើវិស័យតែងនិងសូត្រកំណាព្យ តាមរយៈការបង្កើតកម្មវិធីបណ្ដុះបណ្ដាលគ្រូ និងយកទៅផ្សព្វផ្សាយបន្តទៅដល់លោកគ្រូអ្នកគ្រូដទៃ ដើម្បីទុកជំនួយស្មារតីក្នុងការបង្រៀនសិស្ស។ សម្រាប់លោកសាស្រ្តាចារ្យចាស់វស្សារូបនេះ នេះជាលើកទី១ហើយ ដែលលោកឃើញសាលារៀនគាំទ្រនិងយកចិត្តទុកដាក់បែបនេះ។
Category: សិក្ខាសាលា