សាលារៀន AIS កាលពីថ្ងៃទី១០ ខែកញ្ញា បានរៀបចំវគ្គបណ្ដុះបណ្ដាលផែនការរបស់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង AIS ដោយមានការចូលរួមពីវាគ្មិនល្បីៗ និងលោកគ្រូ អ្នកគ្រូប្រមាណជាង ១០០នាក់ ។
អ្នករៀបចំ និងសម្របសម្រួលកម្មវិធីគឺ អ្នកស្រី ញ៉េន ម៉ាច បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយ:ពេលពេញមួយថ្ងៃ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីជាការសិក្សាស្វែងយល់ និងជួយកុមារពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងការរៀបចំចាត់ចែងគ្រូ និងថ្នាក់សម្រាប់កុមារពិសេស។
អ្នកស្រីបន្ថែមថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះលោកគ្រូ អ្នកគ្រូ នឹងទទួលបានចំណេះដឹងថ្មីៗជាច្រើន ពីវាគ្មិនជំនាញក្នុងវិស័យអប់រំជាច្រើនឆ្នាំដើម្បីយកទៅអភិវឌ្ឍលើការងារបន្ថែមទៀត ក៏ដូចជាពង្រឹងសមត្ថភាពសិស្សានុសិស្សផងដែរ។ ទន្ទឹមនឹងនោះ លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បានសិក្សាប្រកបដោយការយកចិត្តទុកដាក់លើប្រធានបទនិមួយៗ រួមជាមួយសំណួរ ការចែករំលែកបទពិសោធន៍ល្អៗប្រកបទៅដោយវជ្ជាជីវ:។
កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ ប្រព្រឹត្តទៅបានដោយមានការអញ្ជើញចូលរួមបណ្តុះបណ្ដាលដោយវាគ្មិនអ្នកតំណាងសាលា AIS គឺលោកបណ្ឌិត រ៉េត ធារម្យ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកចិត្តសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក បានលើកឡើងពីប្រធានបទ បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងបរិបទសាលារៀន, ទិដ្ឋភាពទូទៅនៃការលំបាកក្នុងការសិក្សារបស់កុមារ ករណីសិក្សារបស់សិស្សដែលមាន ASD និង ADHD, ទិដ្ឋភាពទូទៅនៃការអវភិវឌ្ឍន៍ដំណើរការបង្រៀន និងរៀន, ក្រុមពហុជំនាញសម្រាប់កុមារដែលមានតម្រូវការពិសេស, ការចូលរួមរបស់មាតាបិតា, ការទំនាក់ទំនងរបស់គ្រូ- មាតាបិតា, ការទំនាក់ទំនងរបស់គ្រូ- សិស្ស, ទិដ្ឋភាពទូទៅដែលពាក់ព័ន្ធនឹងការវាយតម្លៃ និងការធ្វើតេស្តជាដើម។
សូមជម្រាបថា សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀនចំណេះទូទៅមួយត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្ដេយ្យសិក្សា រហូតដល់ ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
សូមចុចល់តំណខាងក្រោម!
សិក្ខាសាលាស្តីពីការស្វែងយល់ និងជួយកុមារពិសេសឱ្យមានប្រសិទ្ធភាព