បន្ទាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សរួចមក សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៧ ខែកញ្ញាដដែលនេះ បានរៀបចំកម្មវិធីរាត្រីសមោស ដែលមានឈ្មោះថា «The Starry Night» ដើម្បីអបអរសាទរដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំ២០២១-២០២២ ជាមួយមិត្តរួមវិទ្យាល័យ មុននឹងប្រឡងបញ្ចប់ការសិក្សានៅពេលដ៏ខ្លីខាងមុខ។
កម្មវិធីដែលពោរពេញដោយអត្ថន័យសម្រាប់សិស្សវិទ្យាល័យនេះរៀបចំឡើង នៅសណ្ឋាគារសុខា អូតែលដែលប្រព្រឹត្តទៅចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ និងដោយមានការចូលរួមពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៣០០នាក់។
ពាក់ព័ន្ធនឹងកម្មវិធីនេះ លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្ហាញការអបអរសាទរចំពោះសិស្សរបស់យើង ដែលបានខិតខំសិក្សារៀនសូត្រ កសាងសមិទ្ធផលស្នាដៃផ្សេងៗនៅក្នុងសាលារៀន បង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា និងបង្ហាញពីការជួបជុំបញ្ចប់ការសិក្សាសិស្សកម្រិតវិទ្យាល័យ មុនពួកគេលាភាពជាយុវសិស្ស ចូលកម្រិតនិសិត្សនៅថ្ងៃខាងមុខ។
លោកស្រី សាឯម កម្រង មានប្រសាសន៍ថា៖ «កម្មវិធីនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការជួបជុំមុនរបស់គាត់បែកគ្នាទៅរៀនមហាវិទ្យាល័យ ទៅរៀនជំនាញរៀងៗខ្លួន ក៏ប៉ុន្តែការរៀបចំកម្មវិធីនេះ ក៏បង្កើននូវទំនាក់ទំនងចំណងមិត្តភាពដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតវិទ្យាល័យរបស់ពួកគាត់ ហើយក៏ជាការសបញ្ជាក់ថា ទោះបីជាពួកគាត់ទៅរៀនមហាវិទ្យាល័យ ពួកគាត់ទៅដល់ទីណាកន្លែង ណាពួកគាត់នៅតែមានចំណងទាក់ទង ជាមួយគ្នាការរលឹកចំពោះគ្នា ហើយសកម្មភាពបន្តបន្ទាប់ទៀត ពួកគាត់នឹងអាចមានទំនាក់ទំនងទៅលើការងារ ទំនាក់ទំនងទៅលើការរៀនសូត្រផ្សេងៗ នៅពេលដែលគាត់ទៅរៀននៅមហាវិទ្យាល័យផ្សេងៗគ្នា។»
គួរបញ្ជាក់ថា ទាក់ទងនឹងកម្មវិធីជួបជុំរាត្រីស្រមោលសរបស់សិស្សថ្នាក់ទី១២ ដែលបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យនេះ គឺសាលារៀន តែងតែសហការរៀបចំឡើង ដើម្បីអបអរសាទរនូវភាពជោគជ័យលើការសិក្សាមួយដំណាក់កាលៗរបស់សិស្ស មានន័យថាជាទូទៅនៅពេលព្រឹកនឹងមានកម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា ខណៈនៅពេលល្ងាចមានការជួបជុំគ្នាជារៀងរាល់ឆ្នាំ ឆ្នាំនេះជាលើកទី៩ ហើយដែលបានរៀបចំឡើង។
លោកស្រី បានសម្តែងការពេញចិត្តថា៖ «តាងនាមជាអ្នកអប់រំមួយរូប ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះភាពជោគជ័យរបស់កូនៗទាំងអស់នៅថ្ងៃនេះ។ ពួកគេបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសិក្សាដើម្បីអនាគតរៀងៗខ្លួន បើនិយាយពីអារម្មណ៍គឺរំភើបនឹងអបអរសាទរជំនួសពួកគាត់ ដែលគាត់បានបញ្ចប់ការសិក្សាននៅជីវិតវិទ្យាល័យរបស់គាត់ដែលគាត់ខិតខំប្រឹងប្រែងរៀនសូត្ររយៈពេល១២ឆ្នាំ កូនសិស្សខ្លះគាត់ចូលតាំងពីក្រោមមមត្តេយ្យ ១៥ឆ្នាំទើបគាត់បញ្ចប់នូវវគ្គការសិក្សាថ្នាក់វិទ្យាល័យរបស់គាត់ ដើម្បីឈានខ្លួនចូលទៅថ្នាក់មហាវិទ្យាល័យ។»
លោកស្រី សាឯម កម្រង បានផ្ញើសារជូនពរសិស្សយ៉ាងដូច្នេះ៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗដែលបញ្ចប់ការសិក្សាទាំងអស់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាទៀត ប្រកបដោយជោគជ័យហើយជ្រើសរើសជំនាញដែលប្អួនពេញចិត្ត ដែលប្អូនស្រឡាញ់ទើបការសិក្សាទទួលបានការជោគជ័យ ហើយទន្ទឹមនឹងនោះផងដែរ សូមផ្តាំផ្ញើដល់ប្អូនៗទាំងអស់គ្នា យកចិត្តទុកដាក់រៀនសូត្រធ្វើខ្លួនក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមដើម្បីយកចំណេះវិជ្ជាដែលគាត់ទទួលបានទៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជូនពរឱ្យប្អួនៗទាំងអស់គ្នាទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាខាងមុខ។
សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀន ចំណេះទូទៅមួយត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅកម្ពុជា។ សាលារៀន ដ៏មានប្រជាប្រិយភាពនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋានលើ «គុណភាព វិន័យ និងសេវាកម្ម»៕