សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះបានប្រារព្ធទិវាវប្បធម៌លើកទី១៣ យ៉ាងអធិកអធម ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស និងសាធារណជនទូទៅយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ជិតសាលាខេត្តកណ្ដាល។
ក្នុងទិវាវប្បធម៌លើកទី១៣នេះ ក៏មានការលេងល្បែងប្រជាប្រិយ របាំ ការបង្ហាញក្បាច់គុន សម្ដែងរឿង រាំ ច្រៀង ការពិសោធ ការដាក់តាំងពិព័រណ៍ និងមានកម្មពិធីផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដែលសុទ្ធសឹងជាទេពកោសល្យ និងភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ ក្រៅពី ក៏មានយុវជន យុវនារី សិស្ស និស្សិត លក់គ្រឿងឧបភោគ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ដើម្បីបានថវិកាមួយចំនួនបរិច្ចាគដល់អ្នក ដែលមានជីវភាពខ្វះខាតផងដែរ។
លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រាប់អ្នកសារព័ត៌មានថា ការប្រារព្ធទិវាវប្បធម៌នេះឡើង ក្នុងគោលបំណងអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ក្រៅពីនេះ ក៏ដើម្បីឱ្យសិស្សានុសិស្សឈ្វេងយល់ពីទិដ្ឋភាពទូទៅនៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សិល្បៈ របាំបុរាណខ្មែរ និងដឹងពីរបៀបលេងល្បែងប្រជាប្រិយនានាដែលប្រជាជនខ្មែរពេញនិយមដូចជា ទាញ់ព្រ័ត្រ វាយក្អម លាក់កន្សែង ស្លៀកសារុងដើរទូលក្អម ចោលឈូង ដណ្តើមស្លឹកឈើ ពង្រាត់កូនក្រមុំ បោះអង្គុញ លោតបាវ និងល្បែងប្រជាប្រិយជាច្រើនទៀត ដែលអាចបង្កើនភាពសប្បាយរីករាយ រឹតចំណងមិត្តភាព អនុស្សាវរីយ៍ ភាពស្និទ្ធស្នាល សាមគ្គីភាព ភាពក្លាហាន និងបង្កើននូវចំណងមិត្ដភាពមិត្ដរួមសាលាផងដែរ។
អនុប្រធានសាលារៀនដដែលបន្តថា ទិវាវប្បធម៌នេះ ក៏ជាឱកាសមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងសហគមន៍ និងគ្រប់មជ្ឈដ្ឋានផងដែរ ជាពិសេសជំរុញកុលបុត្រ កុលធីតាខ្មែរឱ្យចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ និងអភិរក្សនូវកេរដំណែលដ៏មានប្រជាប្រិយភាពបំផុតរបស់បុព្វបុរសខ្មែរយើង ដែលបន្សល់ទុកតាំងពីបុរាណកាលរៀងមក។ លោកស្រីបញ្ជាក់ថា គណៈគ្រប់គ្រងមជ្ឈមណ្ឌល និងសាលារៀន តែងប្រារព្ធទិវាវប្បធម៌ពុំដែលខកខានម្ដងណាឡើយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបន្តផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ជាតិ និងអន្តរជាតិ។