សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រគល់មេដាយមាស និងរង្វាន់លើកទឹកចិត្តជាច្រើនដល់សិស្សនិទ្ទេស A
ដើម្បីជាការលើកទឹកចិត្ត និងចូលរួមអបអរសាទរចំពោះការខិតខំប្រឹងប្រែងព្យាយាម របស់សិស្សានុសិស្សនិទ្ទេសA លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់រង្វាន់ និងអានុស្សារីយ៍លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន១៨រូប ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
រង្វាន់លើកទឹកចិត្តដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជំនួសមុខឱ្យអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមមាន មេដាយមាសនិទ្ទេសA ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង បណ្ណសរសើរ ព្រមទាំងបាច់ផ្កាដ៏ស្រស់ស្អាតផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រី ណឹម កញ្ញា បង្រៀនឯកទេសរូបវិទ្យានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានឱ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះ៖ «នេះជាសមិទ្ធផលមួយដែលល្អបំផុតសម្រាប់ពួកយើងទាំងអស់គ្នា ដោយពួកយើងបានរួមគ្នាបង្កើតកម្មវិធីដ៏មានអត្ថន័យនេះឡើង ហើយនាងខ្ញុំក៏ដូចជាលោកគ្រូ អ្នកគ្រូ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ គឺពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនៗទាំងអស់គ្នាដែលបានសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបាននិទ្ទេសA ជាងនេះទៅទៀតនោះប្អូនទាំងអស់គ្នានឹងត្រូវឈានទៅដល់ជីវិតសិក្សានៅមហាវិទ្យាល័យ អ្នកគ្រូជឿជាក់ថា ទុនជោគជ័យនៅថ្នាក់វិទ្យាល័យ ប្អូននឹងបន្តភាពជោគជ័យនៅមហាវិទ្យាល័យ ក៏ដូចជាពេលអនាគតផងដែរ។»
ជាមួយនឹងគ្នានេះ យុវតី ហ្គូវ យូអ៊ី តំណាងសិស្សនិទ្ទេសA ទាំង១៨នាក់ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួន ក៏ដូចជាផ្តាំផ្ញើទៅសិស្សប្អូនថា សិស្សនិទ្ទេសA ទាំងអស់ការរៀនគឺមិនដូចគ្នាទេ។ មិនដូចគ្នាមានន័យថា ប្អូនៗមានតិចនិក ឬវិធីសាស្ត្ររៀនយកនិទ្ទេសល្អ ទៅតាមចំណង់ចំណូលចិត្ត ដោយមិនត្រូវដាក់សម្ពាធលើខ្លួនឯង រៀនរហូតភ្លេចបាយភ្លេចទឹក ភ្លេចថែទាំសុខភាព ឬរៀនតាមចិត្តនឹកឃើញ ចង់រៀនក៏រៀន មិនចង់រៀនក៏មិនរៀននោះទេ។ ពោលគឺចេះគ្រប់គ្រងពេលវេលារៀនឱ្យបានច្បាស់លាស់សម្រាប់ខ្លួនឯង និងសួរខ្លួនឯងថា ចូលចិត្តរៀនបែបណាទើបទទួលបានលទ្ធផលល្អ។
សិស្សឆ្នើមនិទ្ទេសA យុវតី ហ្គូវ យូអ៊ី បាននិយាយទាំងទឹកមុខញញឹមយ៉ាងដូច្នេះ៖ «អ្វីដែលខ្ញុំចង់ផ្តាំផ្ញើទៅប្អូនៗជំនាន់ក្រោយ សំខាន់បំផុតគឺពួកយើងត្រូវយល់ពីខ្លួនឯងឱ្យបានច្រើនថា វិធីសាស្ត្រមួយណាដែលសក្តិសម នឹងខ្លួនឯងហើយវាពិតជាមានប្រសិទ្ធភាពខ្ពស់ចំពោះខ្លួនឯង អ៊ីចឹងនៅពេលដែលយើងរកឃើញវិធីសាស្ត្រហ្នឹងហើយ គឺយើងមិនមែនតែជោគជ័យត្រឹមថ្នាក់ទី១២ ទេ គឺយើងអាចប្រើប្រាស់វាទៅថ្ងៃមុខបានទៀត។ មួយវិញទៀត ខ្ញុំគិតថា ពួកយើងត្រូវតែមានមហិច្ឆតាតែក្នុងន័យនេះ មិនមែនបានន័យថា យើងជឿជាក់ហួសហេតុពេកទេ តែត្រូវមានគោលដៅខ្ពស់ ហ៊ានគិត ហ៊ានស្រមៃ ហើយហ៊ានធ្វើ។»
ជាមួយអារម្មណ៍រំភើបសប្បាយរីករាយមិនអាចកាត់ថ្លៃបាន លោក ហ្គូវ សេងអៀវ ដែលត្រូវជាអ្នកណាព្យាបាលយុវតី ហ្គូវ យូអ៊ី បានផ្តាំផ្ញើ និងថ្លែងអំណរគុណ ដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានផ្តល់ការអប់រំដែលសមស្របទៅតាមកម្មវិធីសិក្សាដ៏មានគុណភាព។
លោកបន្ថែមថា ភាពជោគជ័យរបស់សសិស្សម្នាក់ៗ កត្តាសំខាន់បំផុត គឺការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ខ្លួនផង មានការតម្រង់ទិសពីខាងសាលាដែលជាកត្តាមិនអាចខ្វះបាន។
ទន្ទឹមនឹងនោះលោក ហ្គូវ សេងអៀវ ក៏បានលើកឡើងយ៉ាងដូច្នេះ៖ «ការបណ្តុះបណ្តាលសមត្ថភាព និងការអប់រំកូន មិនត្រឹមតែជាបន្ទុករបស់សាលានោះទេ ក្នុងនាមជាអ្នកអាណាព្យាបាល យើងក៏មានទំនួលខុសត្រូវ និងកាតព្វកិច្ចចាំបាច់ផងដែរ ក្នុងការចូលរួមសហការជាមួយសាលា។ បើនិយាយពីការរៀនសូត្រកូនខ្ញុំមិនដែលធ្វើឱ្យឪពុកម្តាយព្រួយបារម្ភច្រើននោះទេ គាត់មានភាពច្បាស់លាស់ក្នុងការសិក្សា ក្នុងនាមជាឪពុក យើងតែងតែចង់ការពារកូន បង្រៀនគាត់ពីមេរៀនជីវិតសំខាន់ៗ តែខ្ញុំគិតថា អ្វីដែលយើងគួរធ្វើក្រៅពីអាណាព្យាបាល គឺត្រូវធ្វើជាមិត្តរបស់កូនផងដែរ ហើយខ្ញុំគិតថា ក្នុងនាមជាឪពុកម្តាយ ត្រូវដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កូន ជាពិសេសគឺចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់ពួកគេ គឺមិនទាក់ទងតែការរៀនក្នុងសាលាមួយមុខនោះទេ។»
ពាក់ព័ន្ធបញ្ហានេះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា៖ «ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តបន្តការអប់រំជាមួយសាលាយើងខ្ញុំ។»
លោកស្រីមើលឃើញថា ភាពជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺចំពោះលោកស្រី លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាអ្នកណាព្យាបាលទាំងអស់ គឺពិតមានមានអារម្មណ៍ត្រេកអរ និងមានមោទនភាពបំផុត។
ប្រធានសាលារៀនរូបនេះ បាននិយាយថា៖ «ប្អូនៗបន្តចូលរួមនឹងទទួលយកអ្វីដែលថ្មី អ្វីដែលល្អ អ្វីដែលប្រសើរសម្រាប់ខ្លួនឯងនៅក្នុងការចូលរួមយកមកប្រើប្រាស់ក្នុងប្រទេសយើងវិញ ដើម្បីឱ្យសង្គមជាតិយើងមានភាពសម្បូរសប្បាយ ហើយក៏ដើម្បីទាក់ទាញប្អូនៗទាំងអស់ឱ្យមានការខំប្រឹង ឱ្យមានការភាពប្រសើរដូចជាសិស្សច្បងមុនៗ។»
សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាអប់រំចំណេះទូទៅឯកជនមួយទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាបែបខ្មែរ-អាមេរិកាំង ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី១២។ បច្ចុប្បន្នសាលារៀន អន្តរទ្វីប អាមេរិកាំង កំពុងដំណើរការចំនួន ៦សាខាក្នុងរាជធានីភ្នំពេញ មួយសាខានៅខេត្តសៀមរាប និងមួយសាខានៅខេត្តតាកែវ នៃប្រទេសកម្ពុជា៕