លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី៤ ថ្នាក់ទី៥ និងលោកគ្រូអ្នកគ្រូមុខវិជ្ជាភូមិវិទ្យា រូបវិទ្យា និងគណិតវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៣សាខា ប្រមាណ៦០នាក់ នារសៀលថ្ងៃទី៨កញ្ញា នេះ បានចុះកម្មសិក្សារោងចក្រផលិតទឹកស្អាតនិរោធន៍ ស្ថិតនៅឯភូមិឬស្សីស្រស់ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសកម្មសិក្សានោះ លោក ម៉ា ណូរ៉ាវីន ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាតនៃរោងចក្រផលិតទឹកស្អាតនិរោធន៍ បានទទួលស្វាគមន៍លោកគ្រូអ្នកគ្រូនៃសាលារៀនឯកជនដ៏ល្បីឈ្មោះមួយនេះយ៉ាងកក់ក្ដៅបំផុត។ មិនតែប៉ុណ្ណោះ ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាតរូបនេះ ក៏បានរៀបរាប់ពីប្រវត្តិខ្លះៗរបស់រោងចក្រផលិតទឹកស្អាតក្នុងទីក្រុងភ្នំពេញ ឱ្យគ្រូបង្រៀនសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ដាប់ផងដែរ។
“ដើម្បីទទួលបានទឹកស្អាត ដំបូងត្រូវបូមទឹកចេញពីទន្លេមកដាក់ចូលអាងដោយដាក់សាច់ជូរ និងថ្នាំសម្លាប់មេរោគចូលទៅក្នុងទឹក។ ក្រោយពេលដាក់សម្លាប់មេរោគរួចហើយ ទឹកទាំងនោះនឹងហូរចូលទៅក្នុងអាងកូរយឺត ដែលមានតួនាទីធ្វើឱ្យទឹកកើតជាកករ និងធ្លាក់កករចុះទៅក្រោម។ ក្រោយមកទឹកទាំងនោះនឹងហូរទៅកាន់អាងពង្រង ពេលនោះទឹកចាប់ផ្ដើមថ្លា និងលេងសូវមានកករច្រើនដូចមុន។ ក្រោយពេលហូរចូលអាងពង្រងហើយ ទឹកនឹងបន្តហូរទៅកាន់អាងចម្រោះ ដែលដំណាក់កាលនេះ គេនឹងដាក់ថ្នាំសម្លាប់មេរោគម្ដងទៀត។ លុះពេលឆ្លងកាត់ដំណាក់ចម្រោះរួចហើយ គេនឹងបង្ហូរទឹកទាំងនោះចូលទៅក្នុងអាងស្ដុកទឹក ដែលជាដំណាក់កាលចុងក្រោយ ហើយទឹកទាំងនេះអាចចែកចាយដល់ប្រជាពលរដ្ឋប្រើប្រាស់បាន”។ នេះជាការអះអាងឱ្យដឹងពីលោក ម៉ា ណូរ៉ាវីន។
បន្ទាប់ពីបានចូលរួមកម្មសិក្សាខាងលើរួច លោក ស្រ៊ី ចាន់ផល គ្រូបង្រៀនថ្នាក់ទី៥ បានសម្ដែងចំណាប់អារម្មណ៍ឱ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ព្រោះនេះជាលើកទីមួយសម្រាប់រូបលោក ដែលបានឃើញរោងចក្រផលិតទឹកស្អាតដោយផ្ទាល់នឹងផ្នែក។ “កម្មសិក្សានេះ ធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងយ៉ាងច្រើនជុំវិញការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិសេសធ្វើឱ្យខ្ញុំកាន់តែយល់ច្បាស់ពីតម្លៃ និងសារៈសំខាន់របស់ទឹកស្អាត ពិសេសខ្ញុំនឹងចូលរួមកាត់បន្ថយការប្រើប្រាស់ទឹកស្អាតដោយខ្ជះខ្ជាយ និងចូលរួមផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួនឱ្យចេះប្រើប្រាស់ទឹកស្អាតដោយសន្សំសំចៃផងដែរ”។ នេះជាការអះអាងបន្ថែមរបស់លោក ចាន់ផល។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រផលិតទឹកស្អាតនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ អប់រំចំណេះដឹង និងបណ្ដុះស្មារតីលោកគ្រូអ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យចូលរួមសិក្សាឈ្វេងយល់ពីប្រព័ន្ធចម្រុះទឹកស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែកដល់សិស្សានុសិស្សរបស់ខ្លួន។ គួរជម្រាបជូនដែរថា នេះទើបតែជាលើកទី១ប៉ុណ្ណោះ ដែលលោកគ្រូអ្នកគ្រូសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះកម្មសិក្សារោងចក្រផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះជាការឱ្យដឹងពីលោកស្រី លួន ស្រីទូច អ្នកដឹកនាំកម្មសិក្សា និងជាអ្នកប្រឹក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕
រូបភាព និងអត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ