ពានរង្វាន់ការអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៦ រដូវកាលឆ្នាំ ២០១៩ បានទៅលើបេក្ខជនឆ្នើម៣ រូប។
បេក្ខជនជាប់ជើងឯកទាំង៣រូប ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ រួមមានលេខ១ បានទៅលើយុវតី ហុង សៀកលីវ សិស្សថ្នាក់ទី៩ លេខ២ បានទៅលើយុវតី អ៊ុង ខេរាបូណ៌មីច័ន្ទ សិស្សថ្នាក់ទី១០ និងលេខ៣ បានទៅលើយុវសិស្ស វណ្ណៈ ណូបលហ្ស៊ូលី សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
បេក្ខជនជ័យលាភីជាប់ពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៦ នេះ គឺលេខ១ ទទួលបានអាហារូបករណ៍១០០% ពានរង្វាន់ មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ លេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ នេះបើតាមលោកស្រី ប៉ែន មាលតី អ្នករៀបចំកម្មវិធីនៃការប្រកួត និងជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
ការប្រកួតនេះ ធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ក្រោមវត្តមានលោកស្រី រស់ យ៉ាណា ប្រធានសាលារៀន, ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់។