ពិធីប្រគល់វិញ្ញាបនបត្រលើកទី២៤ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២
សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២៤ ជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ដោយជោគជ័យ ចំនួន៦១៨នាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានវត្តមានលោកស្រី រស់ យ៉ាណា ប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការជាន់ខ្ពស់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករដើម្បីជាសក្ខីភាពនិងជាអនុស្សាវរីយ៍ក្នុងការបញ្ចប់ឆ្នាំសិក្សារបស់សិស្សានុសិស្សនិងកូនៗរបស់ខ្លួន។
លោកស្រី សាត សារឿន ចាងហ្វាងរដ្ឋបាលអប់រំនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា៖ «សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាគ្រឹះស្ថានសិក្សាអប់រំឯកជនដ៏ល្បីល្បាញមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិស្សថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរដល់សិស្សានុសិស្សសរុបចំនួន៦១៨នាក់ ស្រី២៩០នាក់ មកពី៦សាខាក្នុងរាជធានីភ្នំពេញរួមមាន សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និងសាខាជ្រោយចង្វារ ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យដោយជោគជ័យ និងត្រៀមឆ្លងចូលមួយកម្រិតទៀត គឺថ្នាក់ឧត្តមសិក្សាដែលបានប៉ងទុកក្នុងជិវិតសិក្សារៀងៗខ្លួន»។
លោកស្រីចាងហ្វាង ក៏បានកោតសរសើរចំពោះសិស្សានុសិស្សដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អមានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំអ្នកអប់រំឬជាតំណាងអាណាព្យាបាលទី២ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សទាំងអស់គ្នា។ ខ្ញុំឃើញការរីកចម្រើនរបស់ពួកគេដែលកំពុងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃ ជាធនធានមនុស្សយ៉ាងពិតប្រាកដនៅក្នុងសង្គមនាពេលអនាគត ដោយសារការវិវឌ្ឍសមត្ថភាពដ៏ពិតប្រាកដនៅក្នុងស្ថាប័នអន្តរទ្វីប ជាគ្រឹះស្ថានអប់រំប្រកបដោយគុណភាព។»
មានប្រសាសន៍ក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមជាស្ថាបនិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញសេចក្តីរីករាយដែលបានអញ្ជើញមកប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សថ្នាក់ទី១២នៅថ្ងៃនេះដោយផ្ទាល់។ អ្នកឧកញ៉ាក៏បានកោតសរសើរនិងអបអរសាទរដល់សិស្សទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាល ដែលជឿទុកចិត្តលើគុណភាព សេវាកម្ម និងវិន័យរបស់សាលារៀនអន្តរទ្វីបអាមេរិកាំងក្នុងការបណ្តុះបណ្តាលបុត្រធីតា បងប្អូនកូនក្មួយរបស់ខ្លួន។ ក្នុងនាមជាស្ថាបនិក អ្នកឧកញ៉ានិងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ នឹងខិតខំពង្រឹងគុណភាពក្នុងការបង្រៀនឱ្យកាន់តែល្អប្រសើរជាលំដាប់ មិនធ្វើឱ្យមាតាបិតា អាណាព្យាបាលសិស្សអស់សង្ឃឹមនោះឡើយ ហើយកាន់តែមានទំនុកចិត្តខ្ពស់ថែមទៀតចំពោះការរអប់រំកូនៗរបស់លោកអ្នកឱ្យក្លាយជាធនធានសំខាន់ក្នុងសង្គម។
គណៈកម្មការសាលារៀនតែងតែរៀបចំការប្រគល់វិញ្ញាបនបត្រជូនសិស្សគ្រប់កម្រិតថ្នាក់ជារៀងរាល់ឆ្នាំ ដោយឡែកនៅឆ្នាំសិក្សា២០១៩-២០២០ ធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ដោយសារបញ្ហាជំងឺសាកលបានវាយលុកបង្កការរាំងស្ទះដល់សុវត្ថិភាពសង្គមទាំងមូល។ សូមបញ្ជាក់ដែថា បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង មាន៨សាខាកំពុងដំណើរការទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងនោះមាន៦សាខានៅរាជធានីភ្នំពេញដូចរៀបរាប់ខាងលើ និង សាខាសៀមរាប ខណៈ១សាខាទៀតនៅខេត្តតាកែវ កំពុងបើកទទួលចុះឈ្មោះសិស្សផងដែរ ហើយគ្រោងនឹងសម្ពោធជាផ្លូវការនៅខែក្រោយនេះ។ លើសពីនេះ សាខានៅតាមបណ្តាខេត្តមួយចំនួនទៀតដែលកំពុងសាងសង់ ក៏នឹងមកដល់ពេលឆាប់ៗដូចគ្នា៕
អត្ថបទដកស្រង់ពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ