សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបិទបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ យ៉ាងអធិកអធម ដោយមានសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ចូលរួមប្រមាណជាង២០០០នាក់។
ពិធីបិទបវេសនកាល ដែលរៀបចំឡើងនៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការសម្តែងច្រៀង រាំរបស់សិស្សជាច្រើនក្រុម និងបញ្ចាំងវីដេអូពីសកម្មភាពផ្សេងៗនាពេលកន្លងមក ដែលធ្វើឱ្យពិធីនេះ ពោរពេញដោយក្តីរំភើប សប្បាយ រីករាយ ក្តុលក្តួល របស់សិស្សានុសិស្សទាំងអស់ ខណៈចាប់ពីពេលនេះទៅពួកគេនឹងត្រូវបែកគ្នាមួយរយៈខ្លី ហើយអ្នកខ្លះទៀតនឹងបែកគ្នារហូត។
លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង មានប្រសាសន៍ថា ពេញមួយឆ្នាំសិក្សានេះ យើងមានភាពហត់នឿយរៀងៗខ្លួន លោកគ្រូ អ្នកគ្រូហត់នឿយក្នុងការបង្រៀនសិស្ស ព្រមទាំងហត់ខ្លាំងនឹងសិស្សមួយចំនួនអុកឡុកគាត់។ ចំណែកសិស្សានុសិស្សវិញហត់នឿយនឹងរៀន ខំប្រឡង ខំធ្វើកិច្ចការផ្ទះ។ តែសាលាអត់ហត់ទេ សាលាខំប្រឹងធ្វើយ៉ាងណារកគំនិតអប់រំថ្មីៗឱ្យសិស្សទទួលបាននូវចំណេះពិត ជំនាញពិត មានសីលធម៌ល្អ មានគេស្រឡាញ់ចូលចិត្ត រាប់អាន…។