មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៧ ខែកក្កដានេះ បានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់កីឡាសិស្ស ម៉េងលី ជេ. គួច ជំនាន់ទី១១ ប្រចាំឆ្នាំ២០១៨ ដល់កីឡាករ កីឡាការិនីរបស់ខ្លួន។ ពិធីនេះរៀបចំឡើងក្រោមវត្តមានរបស់ប្រធានចាងហ្វាង លោកគ្រូ អ្នកគ្រូ និងនាយកកីឡា រួមទាំងកីឡាករកីឡាការិនីជាច្រើនរយនាក់ នៅសាលប្រជុំ សូវ ហុងគុយ
អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នាយកកីឡាប្រចាំគ្រឹះស្ថានអប់រំដ៏ល្បីមួយនេះ លោក សែម ពេជ្រ បានលើកឡើងក្នុងពិធីនេះថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចំនួន៦៣០នាក់ ចូលរួមប្រកួតកីឡាសិស្ស ដើម្បីដណ្ដើរជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងវិញ្ញាសាកីឡាចំនួន៧។ វិញ្ញាសាទាំង៧នោះរួមមានកីឡាបាល់ទាត់ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ កីឡាហែលទឹក ល្បុកតោ និងកីឡាការ៉ាតេ ដែលប្រព្រឹត្តិទៅនៅទីតាំងផ្សេងៗគ្នា។ ក្នុងឱកាសនោះ លោកក៏បានលើកឡើងពីសមិទ្ធិផលកីឡាសិស្សជ្រើសរើសជើងឯករាជធានីភ្នំពេញផងដែរ។ ក្នុងនោះកីឡាវាយកូនឃ្លីលើតុជាប់ចំណាត់ថ្នាក់លេខ១ កីឡាអត្តពលកម្មជាប់លេខ១ លេខ២ និងលេខ៣។ កីឡាបាល់បោះនារីទាំងអនុ និងវិទ្យាល័យជាប់ចំណាត់ថ្នាក់លេខ២ និងបាល់បោះបុរសជាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ដែរថា ចំណែកកីឡាសិស្សជ្រើសរើសជើងឯកទូទាំងប្រទេសកាលពីពេលថ្មីៗនេះ កីឡាវាយកូនឃ្លីលើតុ ក៏ទទួលបានលទ្ធផលលេខ១គ្រប់វិញ្ញាសាផងដែរ។ ជាមួយនឹងគ្នានេះ ក្រសួងក៏បានជ្រើសរើសកីឡាករវាយកូនឃ្លីពីររូប ដើម្បីចូលរួមប្រកួតកីឡាសិស្ស ASEN SCHOOL GAMES លើកទី១០ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។ ទាក់ទងនឹងកីឡាសិស្សនេះដែរ លោក ជា សម្បត្តិ ប្រធានចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ មានប្រសាសន៍ថា លទ្ធផលបច្ចេកទេសដែលក្រុមកីឡាករកីឡាការិនីអស់ទាំងអស់សម្រេចបាននាពេលនេះ គឺបានមកពីការខំប្រឹងប្រែងហ្វឹកហាត់បញ្ចេញទាំងកម្លាំងកាយចិត្ត។ នេះមិនត្រឹមតែលើកមុខមាត់សាលាប៉ុណ្ណោះទេ តែក៏បានលើកកម្ពស់វិស័យកីឡាជាតិឱ្យរីកចម្រើនផងដែរ។ គួរបញ្ជាក់ថា ក្រោមការផ្ដួចផ្ដើមគំនិតពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្កើត ការប្រកួតកីឡាក្របខណ្ឌសិស្សនេះឡើង នៅឆ្នាំ២០០៨ ដើម្បីជំរុញសិស្សានុសិស្សឱ្យទទួលបាននូវសុខភាព បង្កើតបាននូវមិត្តភាព សាមគ្គីភាព កាត់បន្ថយភាពតានតឹងក្នុងការសិក្សា និងជួយជំរុញឱ្យមានការអភិវឌ្ឍវិស័យកីឡាជាតិ៕