លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា និងជាគណៈកម្មការពិនិត្យតាមដាន និងវាយតម្លៃ ព្រមទាំងជាប្រធានគណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារប្រមាណជាង១០នាក់ ចុះអធិការកិច្ចផ្នែកបឋមសិក្សា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីត្រួតពិនិត្យលើរចនាសម្ពន្ធសាលារៀន ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល និងបច្ចេកទេសបង្រៀនជាដើម។
សូមជម្រាបថា ការចុះអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ បានប្រព្រឹត្តិយ៉ាងរលូននាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយមានការទទួលស្វាគមន៍ពីសំណាក់អនុប្រធានសាលា ប្រធានចាងហ្វាង ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។
ក្នុងដំណើរការបូកសរុប និងវាយតម្លៃការពិនិត្យអធិការកិច្ចនោះរួចមក លោក ព្រាប កុម្ភៈ បានកោតសរសើរ ដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ថា គ្រឹះស្ថានអប់រំមួយនេះ មានការអភិវឌ្ឍ និងរីកចម្រើនជាងបណ្ដាឆ្នាំមុនៗហួលពីការរំពឹងទុក។ មិនតែប៉ុណ្ណោះ ប្រធានការិយាល័យបឋមសិក្សា និងជាគណៈកម្មការពិនិត្យតាមដាន និងវាយតម្លៃដដែលរូបនោះ បានបន្តស្ងើចសរសើរចំពោះស្នាដៃ និងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់គណៈនាយក នាយក លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍន៍សាលារៀនស្អាត និងមានភាពល្បីសុះសាយនៅទូទាំងប្រទេស និងអន្តរជាតិទៀតផង។
ក្នុងសម្ដីស្រទន់អមដោយទឹកមុខញញឹមប្រិមប្រិយផងនោះ លោក ព្រាប កុម្ភៈ ក៏បានក្រើនរម្លឹក និងលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលាឯកនេះផងដែរថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ សូមគណៈនាយកសាលាបន្តការខិតខំ និងប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពអប់រំ ក្នុងការចូលរួមកសាងប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនទៅថ្ងៃអនាគត។
ដើម្បីឆ្លើយតបទៅនឹងការកោតសរសើរនោះ លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងនាឱកាសនោះថា សាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានកិត្តិយស និងរីករាយបំផុតនូវប្រសាសន៍ល្អៗរបស់លោកប្រធានការិយាល័យបឋមសិក្សា។ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំ សាលារៀនកាន់តែរីកចម្រើន ល្បីល្បាញ និងមានការគាំទ្រពីមហាជនយ៉ាងផុសផុលនេះ គឺមានការបង្ហាញផ្លូវពីមន្ទីរអប់រំ យុវជន និងកីឡា រាល់ចំណុចខ្វះខាត និងអ្វីដែលត្រូវបំពេញបន្ថែម ដើម្បីគុណភាពអប់រំនៅកម្ពុជា។ អនុប្រធានសាលារៀនបន្ថែមថា ការផ្ដល់អនុសាសន៍ពីលោកប្រធានការិយាល័យ គឺសុទ្ធសឹងជាកត្តាសំខាន់បំផុត ដែលគណៈគ្រងសាលាបានយកទៅអនុវត្ត ហើយជាលទ្ធផលសាលា គឺទទួលបានជោគជ័យពិតប្រាកដមែន។ លើសពីនេះលោកស្រីក៏បានសង្កត់ធ្ងន់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានសហការល្អជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា។
គួររម្លឹកជូនថា កាលពីឆ្នាំសិក្សា២០១៥-២០១៦ និងឆ្នាំសិក្សា២០១៦-២០១៧ ថ្មីៗកន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្លាប់ទទួលបាននូវបណ្ណសរសើរពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដែលមានស្នាដៃល្អប្រសើរដូចជា ការគ្រប់គ្រងផ្នែករដ្ឋបាលសាលា បរិស្ថាន និងបច្ចេកទេសបង្រៀន៕