កាលពីថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកំាង បានរៀបចំពិធី សំណេះសំណាលជាមួយសិស្សានុសិស្សផ្នែកកីឡា សាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាទួលគោក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី ភារីន នាយិកាកីឡា ព្រមទាំងលោកគ្រូអ្នកគ្រូបង្វឹកជាច្រើនរូបផងដែរ។ក្នុងពិធីសំណេះសំណាលនោះ នាយិកាផ្នែកកីឡាបានលើកឡើង និងណែនាំអំពីអ្វីហៅថា កីឡា និងប្រភេទកីឡាមានអ្វីខ្លះ ព្រមទាំងបុគ្គលិកលក្ខណៈ ឥរិយាបថនៃការលេងកីឡាជាដើម ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ដែលជាកីឡាករកីឡាការិនីប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្ដីថ្លៃថ្នូរ ចាត់ទុកការចាញ់ឈ្នះជារឿងធម្មតានៃកីឡា ដោយបោះបង់ចោលនូវកំហឹងឆេវឆាវ ពាក្យសម្ដីអសុរោះ ហើយទទួលយកនូវមិត្តភាព សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។ លោកបន្តថា កីឡាមិនត្រឹមតែនាំឱ្យកាយសម្បទារឹងមាំ កម្លាំងខ្លាំងក្លា រហ័សរហួនប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ ដែលអាចធ្វើឱ្យអ្នកលេងកីឡាទាំងអស់មានស្មារតីរឹងប៉ឹង មានការប្រុងប្រយ័ត្ន ហ្មត់ចត់ ម៉ឺងម៉ាត់ ពូកែគិតពិចារណា និងម្ចាស់ការទៀតផង។ លើសពីនេះ ពិធីសំណេះសំណាលនេះក៏ធ្វើឡើងដើម្បីតម្រង់ទិស និងពន្យល់ណែនាំឱ្យពួកគេត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការចូលរួមប្រកួតដណ្ដើមពានរង្វាន់ប្រចាំសាលា ពាន់រង្វាន់កីឡាមហាជន ក៏ដូចជាពានរង្វាន់កីឡាសិស្សមធ្យមសិក្សាដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
Category: កីឡា