ផ្សារមូលបត្រកម្ពុជានៅដើមឆ្នាំ ២០២៣នេះ បានបង្ហាញសញ្ញាល្អប្រសើរ
វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០១ ២០២៣
ផ្សារមូលបត្រកម្ពុជានៅដើមឆ្នាំ ២០២៣នេះ បានបង្ហាញសញ្ញាល្អប្រសើរឡើង បន្ទាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកមួយទៀត បានធ្វើ ការចុះបញ្ជី និងគ្រោងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅចុងត្រីមាសទី១នេះ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា កាដូនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គឺនឹងមានក្រុមហ៊ុន
ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នអប់រំដំបូងគេ ចូលខ្លួនបោះផ្សាយ និងលក់ភាគហ៊ុន ក្នុងទីផ្សារមូលបត្រកម្ពុជា។
នៅក្នុងសិក្ខាសាលាស្តីពី«ការស្វែង យល់ពីវិស័យមូលបត្រកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលកម្មសិទ្ធិ» នាចុងសប្តាហ៍នេះ ឯកឧត្តម រំពឹងថា ទីផ្សារមូលបត្រកម្ពុជានឹងបន្តបានភាពកាន់តែទាក់ទាញចំនួនអ្នកវិនិយោគ និងរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត ដែលនឹងប្រែក្លាយផ្សារភាគ ហ៊ុនរបស់កម្ពុជាទៅជាប្រភពទុន ប្រភពចំណូលដ៏ធំមួយ សម្រាប់ប្រជាជនក្នុងស្រុក។ ឯកឧត្តម មានប្រសាសន៍ថា ការចូលរួមវិនិយោគរបស់វិស័យឯកជន និងសាធារណជន ក្នុងផ្សារមូលបត្រកម្ពុជា អាចទទួលបានប្រាក់ ចំណេញពីការជួញដូរភាគហ៊ុន ដើមទុនពង្រីកអាជីវកម្ម និងទំនាក់ទំនងខ្ចីទុនដោយមិនចាំបាច់ដាក់ទ្រព្យតម្តល់ ជាដើម។
បើតាមការឱ្យដឹងរបស់អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់ថា ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)របស់ខ្លួន នឹងអាចចេញនៅចុងខែមីនា ឬដើមខែមេសាខាងមុខ នេះ បន្ទាប់ពីមើលឃើញថា ឆ្នាំ ២០២៣នេះ គឺជាពេលវេលាដ៏ល្អ មុនការបោះឆ្នោតជាតិចូលមក ដល់។ អ្នកឧកញ៉ា បានថ្លែងថា «ការចូលផ្សារមូលបត្រ គឺយើងចង់ស្វែងរកប្រភពទុន ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតទៅលើអគារ សិក្សាឱ្យបាន១៦០កន្លែង ខណៈបច្ចុប្បន្នពួកយើងទើបតែមាន១៥ សាខា។ ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូងនេះ គឺយើងដាក់ចេញតែ៤-៦ភាគរយ នៃភាគ ហ៊ុនតែប៉ុណ្ណោះ ដែលមានតម្លៃប្រហែល១០លានដុល្លារ អាស្រ័យលើការអនុញ្ញាតរបស់និយ័តករមូលបត្រកម្ពុជា។ តម្លៃដែលគ្រោង ស្ថិតចន្លោះពី២ពាន់រៀលទៅ៨ពាន់ ក្នុងមួយហ៊ុន។
ផ្សារមូលបត្រកម្ពុជា ដែលជាក្រុម ហ៊ុនចំណុះរបស់រដ្ឋ ដំណើរការចាប់ តាំងពីឆ្នាំ២០១២ ដោយមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៩ បានបោះផ្សាយលក់មូលបត្រ មានដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត, កំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុន ហ្រ្គេនធ្វីន, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ធនាគារ អេស៊ីលីដា, ក្រុមហ៊ុន ជេអេស លែន, ក្រុមហ៊ុន ឌីប៊ីឌី អ៊ីនជីនារីង, និងក្រុមហ៊ុន ផេសថេក ខេមបូឌា៕