ផ្នែកថែទំាអគារ និងសាខា ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេ សិន។ សព្វថ្ងៃនេះ ផ្នែកថែទំាអគារ និងសាខាមានតួនាទីគ្រប់គ្រង និងថែទាំរាល់កិច្ចការងារដែលរួមមាន ការងារទូទៅក្នុងអគារ ដូចជា ការរចនា ការតុបតែងលម្អ ការជួលជុល ការពិនិត្យគ្រឿងម៉ាស៊ីន អេឡិចត្រូនិច និងទុយោទឹក ព្រមទាំងសម្ភារដ៏ទៃទៀតដែលមានតាមអគារ ពោលគឺដើម្បីឱ្យអគាររបស់យើងមានភាពស្រស់ស្អាតសម្រាប់បម្រើដល់អ្នកអាណាព្យាបាលសិស្ស ឬដល់សិស្សានុសិស្សផ្ទាល់ប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាព។
ជាងនេះទៀត ផ្នែកថែទំាអគារ និងសាខាបម្រើជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវ: និងជំនាញច្បាស់លាស់ ដើម្បីជួយឱ្យក្រុមហ៊ុនសម្រេចបេសកកម្ម ចក្ខុវិស័យ និងនិរន្តភាពរបស់ខ្លួន។ ដើម្បីធានាបាននូវសុវត្ថិភាព និងការប្រតិបត្តិការការងារដោយរលូន រាល់អគារទាំងអស់ត្រូវមានបុគ្គលិកផ្នែកថែទំាអគារ និងសាខាម្នាក់ ដើម្បីប្រចាំការ និងដោះស្រាយបញ្ហាណាមួយដែលកើតឡើង។ ក្នុងករណីដែលមានបញ្ហា ពួកគាត់នឹងអាចដោះស្រាយបានទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការសហការគ្នាជាក្រុមបានយ៉ាងល្អប្រសើរ។
ភារកិច្ចចម្បង និងទំនួលខុសត្រូវការងារ
ការទទួលខុសត្រូវចម្បងរបស់ផ្នែកថែទំាអគារ និងសាខាគឺការថែរក្សា និងតំឡើងទាំងឧបករណ៍ដែលមានស្រាប់និងថ្មីក៏ដូចជាសម្ភារផ្សេងទៀត ដែលផ្នែកផ្សេងៗបានស្នើសុំ។ សេវាកម្មរួមមាន៖
- ម៉ាស៊ីនត្រជាក់៖ ថែទាំ តំឡើង និងសម្អាត
- ប្រព័ន្ធបំពង់ទឹក៖ថែរក្សា និងតំឡើងបរិក្ខារបន្ទប់ទឹក ប្រព័ន្ធលូទឹក ធុងទឹក ម៉ាស៊ីនម៉ូទ័រ។ ល។
- ម៉ាស៊ីនភ្លើង៖ ថែរក្សា និងធ្វើបញ្ជីត្រួតពិនិត្យប្រចាំសប្តាហ៍
- ប្រព័ន្ធអគ្គិសនី៖ ថែរក្សា និងជួសជុលឧបករណ៍អគ្គិសនី ឌីសង់ទ័រ និងតំឡើងប្រព័ន្ធថ្មី
- ជណ្ដើរយន្ដ៖ សហការជាមួយភាគីក្រុមហ៊ុនដើម្បីថែរក្សាប្រចាំខែ។
បរិយាកាសការងារ
ក្នុងនាមជាអ្នកមើលថែទាំអគារនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺត្រូវមានកាយសម្បទារឹងមាំ ដើម្បីបំពេញការងារដែលមានដូចជា ការលីសែង ការយួរ កាន់របស់ធ្ងន់ ការឱនឡើងចុះ និងការលូន ឬលត់ជង្គង់ជាដើម។ ជាទូទៅ ការងាររបស់យើងគឺអង្គុយ ៣៣% ដើរ ៣៣% និងឈរ ៣៤%។ ហេតុដូចនេះ បុគ្គលិកនឹងត្រូវប្រឈមនឹងហានីភ័យនៃការរងរបួស និងមានជម្ងឺ ដោយសារលក្ខខណ្ឌនៃការងាររបស់យើង។