កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ជូនដល់សិស្សពីថ្នាក់ក្រោមមត្តេយ្យដល់វិទ្យាល័យ ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែធ្វើដំណើរមកកាន់សាលាដោយទឹកមុខរីករាយ ដើម្បី ពិនិត្យបញ្ជីឈ្មោះចូលរៀន ស្គាល់ថ្នាក់រៀន មិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ។ នាថ្ងៃនោះដែរ លោកគ្រូ អ្នកគ្រូបានរងចាំទទួលសិស្សានុសិស្សដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ ព្រមទាំងរងចាំប្រាប់ និងណែនាំសិស្សឱ្យចូលរៀនតាមថ្នាក់រៀងៗខ្លួន។ នៅក្នុងថ្នាក់រៀន លោកគ្រូ អ្នកគ្រូបានរៀបចំប្លង់តុសម្រាប់សិស្សអង្គុយយ៉ាងមានសណ្តាប់ធ្នាប់ល្អ ព្រមទាំងពន្យល់បង្ហាញសិស្សអំពីសារៈ សំខាន់នៃមុខវិជ្ជាសិក្សា (តាមមុខវិជ្ជារបស់គ្រូ) និងបង្ហាញពីវិធីសាស្រ្តរៀនដល់សិស្សានុសិស្សលើ មុខវិជ្ជារបស់ខ្លួន និងក្តីរំពឹងដែលសិស្សានុសិស្សចង់បានចំពោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ទន្ទឹងនឹងនេះដែរ លោកគ្រូ អ្នកគ្រូក៏បានពន្យល់សិស្សានុសិស្សអំពីតម្លៃក្នុងការសិក្សាដោយលើក យកចតុស្តម្ភអប់រំ ដែលរួមមាន ៖ រៀនឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូបានពន្យល់សិស្សានុសិស្សអំពីប្រព័ន្ធពិន្ទុ ដោយយកក្រដាសប្រព័ន្ធពិន្ទុដែលបានបិទប្រកាសនៅតាមថ្នាក់នីមួយៗប្រកាសឱ្យសិស្សានុសិស្សស្តាប់ រួចហើយបិទទុកកន្លែងដើមវិញ ព្រមទាំងបានអាននូវបទបញ្ជាផ្ទៃក្នុងសាលាឱ្យសិស្សានុសិស្សស្តាប់ និងចែកកាលវិភាគសិក្សាប្រចាំសប្តាហ៍ដល់សិស្សសម្រាប់រយៈពេលមួយឆ្នាំសិក្សា។