បន្ទាប់ពីធ្វើបទបង្ហាញ និងសម្ដែងផ្ទាំងទស្សនីយភាពល្ខោនស្រមោលស្បែកតូច ដល់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ទទួលបានជោគជ័យកន្លងមក នៅថ្ងៃទី៦ កក្កដា ២០១៧ នេះ សាលាសិល្បៈហ៊្វូណន បានបន្តសហការជាមួយនឹងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីកេរដំណែលខ្មែរ ដែលមានអាយុកាលតាំងពីយូរលុងណាស់មកហើយ ដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១១ប្រមាណជាង៥៧០នាក់ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
លោក សោម ចាន់ណា ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ សាខាទួលគោក បានប្រាប់ដល់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ថា ការធ្វើបទបង្ហាញ និងសម្ដែងល្ខោនស្រមោលស្បែកតូចនេះឡើង ដើម្បីឱ្យសិស្សានុសិស្សខ្លួនឈ្វេងយល់ ផ្សព្វផ្សាយ គាំពារ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ ដែលបន្សល់ពីបុព្វបុរសតាំងពីបុរមបុរាណមកម្ល៉េះ។ ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិរូបនោះបន្ថែមថា កូនខ្មែរមួយចំនួនស្ទើរតែពុំស្គាល់សិល្បៈដ៏មានប្រជាប្រិយនេះប៉ុន្មានទេ។ ដូច្នេះនៅពេលជ្រាបច្បាស់ នោះពួកគេនឹងផ្សព្វផ្សាយ និងរួមចំណែកអភិរក្សឱ្យបានគង់វង្សបន្តទៀត។ លោកបន្ថែមថា បច្ចុប្បន្នល្ខោនបុរាណនេះ ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ ព្រមបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិផងដែរ។
ទាក់ទិនបញ្ហានេះ លោក ស៊ុប ស័ក្ខរា ស្ថាបនិក និងនាយកសាលាសិល្បៈហ៊្វូណន បានឱ្យដឹងថា ល្ខោនស្រមោលស្បែកចែកចេញជា៣ គឺទី១ ស្រមោលស្បែកធំ ជាសិល្បៈដ៏ចំណាស់មួយ ដែលបុព្វបុរសខ្មែរយកស្បែកគោទៅឆ្លាក់ជារូបភាពតួអង្គទៅតាមសាចរឿងនីមួយៗដោយរស់រវើកតែម្ដង។ មិនតែប៉ុណ្ណោះ ល្ខោននេះ ជាទម្រង់សិល្បៈបែបសក្ការៈសម្រាប់ឧទ្ទិសថ្វាយអទិទេព ភាគច្រើនសម្ដែងតែក្នុងរឿងរាមកេរ្តិ៍ ដែលមានកម្ពស់ប្រមាណជាង១ម៉ែត្រ ទៅ២ម៉ែត្រ ចំពោះរូបនៅនឹងថ្កល់មិនអាចកម្រើកដៃជើង និងហាមាត់បានទេ។
ស្ថាបនិក និងនាយកសាលាសិល្បៈហ៊្វូណនដដែលនេះបន្តថា ទី២ គឺល្ខោនស្រមោលស្បែកពណ៌ គេតែងយកស្បែកគោមកឆ្លាក់ជារូបតួអង្គ ហើយលាបពណ៌ពីលើចម្លាក់ស្បែកនោះឱ្យដូចនឹងគំនូរដ៏ស្រស់ស្អាត។ លើសពីនេះទៀត គេតែងសម្ដែងរឿងបែបអក្សរសិល្ប៍ខ្មែរដូចជាព្រះធិនវង្សនាងពៅជាដើម។ ពិសេសនោះ គឺមានទំហំតូចជាងចម្លាក់ស្បែកធំ ហើយរូបនឹងថ្កល់មិនអាចកម្រើកដៃជើងបានឡើយ។ លោកបញ្ជាក់បន្ថែមថា ទី៣ គឺល្ខោនស្រមោលស្បែកតូច ដែលជាល្ខោនដ៏មានប្រជាប្រិយ គេតែងសម្ដែងក្នុងរឿងព្រេងបុរាណ សម័យ និងនិទានបែបអប់រំ និងកប្លែងដូចជារឿងរាមកេរ្តិ៍ ធនជ័យ ព្រះច័ន្ទគោរព និងការអប់រំច្បាប់ចរាចរណ៍នានាជាដើម។
សូមជម្រាបជូនថា ល្ខោនស្រមើលស្បែកតូច គឺមានទំហំតូចជាងល្ខោនស្រមោលស្បែកធំ និងល្ខោនស្រមោលស្បែកពណ៌ ដែលមានកម្ពស់ប្រហែលកន្លះម៉ែត្រ ហើយអាចកម្រើកដៃជើង និងហាមាត់ស្តីបាន ព្រមទាំងមានអ្នកបញ្ចូលសំឡេងទៅតាមកាយវិការនៃតួអង្គនីមួយៗផងដែរ។
គួររម្លឹកជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង តែងលើកកម្ពស់វប្បធម៌ អរិយធម៌ និងទនៀមទម្លាប់ខ្មែរ តាមរយៈសិស្សានុសិស្ស និងមហាជនទូទៅ ដើម្បីរួមចំណែកអភិរក្សអារ្យធម៌ខ្មែរដ៏រុងរឿងនេះឱ្យមានស្ថិរភាព៕