កាលពីថ្ងៃទី១៨ មេសា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំធ្វើបទបង្ហាញស្តីអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១២១ ទៅកាន់ខេត្តសៀមរាប សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ គោលបំណងរបស់ដំណើរទស្សនកិច្ចសិក្សា គឺដើម្បីឱ្យប្អូនៗបានទស្សនារមណីយដ្ឋាន និងសិក្សាពីតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រ និងវប្បធម៌ដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា សិក្សាស្វែងយល់ពីសិលាចារឹក និងប្រាសាទបុរាណខ្មែរដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណជាច្រើនទៀត ដែលជាដួងព្រលឹងជាតិខ្មែរ និងជាកេរមរតកវប្បធម៌ជាតិ សិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមដង្កូវនាង សិប្បកម្មសូត្រខ្មែរ សារមន្ទីរ រមណីយដ្ឋាននានា និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាចរណ៍ទឹកដីខេត្ដសៀមរាប ស្គាល់ឈ្មោះ និងប្រភេទរុក្ខជាតិ ព្រមទាំងយល់ដឹងបន្ថែមពីលក្ខណៈនៃការលូតលាស់របស់ឈើប្រណីតដ៏មានតម្លៃដូចជា ឈើទាល គគីរ បេង ម៉ៃសាក់ ស្រឡៅ និងប្រភេទឈើធំៗជាច្រើនទៀតដែលមាននៅក្នុងតំបន់ព្រៃអភិរក្ស បរិវេណតំបន់ប្រាសាទបុរាណ និងតំបន់ទស្សនកិច្ចសិក្សា សិក្សាពីស្ថានភាពភូមិសាស្ដ្រ និងសណ្ឋានដីនៃតំបន់មួយចំនួនក្នុងខេត្ដកណា្តល កំពង់ចាម កំពង់ធំ និងខេត្ដសៀមរាប ពិសេសគឺការអភិវឌ្ឍផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងបរិស្ថានក្នុងខេត្ដសៀមរាប។ ក្រៅពីនេះប្អូនៗមានឱកាសក្នុងការរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ ក៏ដូចជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានៅខេត្ដសៀមរាបនេះ មានរយៈពេល០៤ថ្ងៃ គឺនៅថ្ងៃពុធ ទី៣០ ខែឧសភា ដល់ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
Category: ផ្សេងៗ