សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅ បានរៀបចំទិវាកីឡាកុមារសម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១ ស្ថិតនៅក្លឹបកីឡា ព្រីមៀម ( Premium Sport Club) ដែលទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីជំរុញការលូតលាស់កាយសម្បទា សុខភាពកុមារឱ្យរឹងមាំ បង្កើនប្រាជ្ញាស្មារតី ព្រមទាំងភាពក្លាហាន ក្នុងការធ្វើទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅឱ្យកាន់តែប្រសើរឡើង។
គួរជម្រាបជូនថា ទិវាកីឡាកុមារនេះ បានចាប់ផ្ដើមកម្មវិធីដោយលោកគ្រូអ្នកគ្រូដឹកនាំសិស្សកម្ដៅសាច់ដុំ លេងល្បែងកីឡាកុមារយ៉ាងសម្បូរបែប ដែលក្នុងនោះរួមមាន៖ ការជិះក្ដាន់ជ័រ យកបាល់ដាក់ទូល វារឬលូនបោះបាល់ចូលធុងជាដើម។
ស្ថិតក្នុងទិដ្ឋភាពដ៏សស្រាក់សស្រាំងនោះ នាយិកាផ្នែកកីឡា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក លោកស្រី ភី ភារីន បានឱ្យដឹងថា សាលាតែងតែយកចិត្តទុកដាក់លើការបណ្ដុះកុមារតូចៗឱ្យស្របនឹងការលូតលាស់ផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី និងការគិត។
លោកស្រី បន្ថែមថា ទិវាមួយនេះមិនត្រឹមតែផ្តល់ឱកាសឱ្យសិស្សទទួលបាននូវបទពិសោធ និងប្រយោជន៍បន្ថែមពីលើមេរៀនដែលពួកគេបានរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ តែអ្វីដែលរឹតតែពិសេសនោះ គឺធ្វើឱ្យកុមារមានស្មារតីប្រយ័ត្នប្រយែងខ្ពស់ រហ័សរហួន និងមានភាពឈ្លាសវៃប៉ិនប្រសប់ផងដែរ។
បើតាមនាយិកាកីឡា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដដែល បានបញ្ជាក់ថា ការអប់រំកាយបែបនេះ មិនត្រឹមតែឱ្យកុមារមានការលូតលាស់ផ្នែកកាយសម្បទារឹងមាំ សុខភាពល្អ ឈ្លាសវៃ រហ័សរហួន បង្កើនទំនាក់ទំនងក្នុងក្រុម និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ តែជាមួយគ្នានេះ សាលាក៏មានគោលបំណងបង្កើនការលើកកម្ពស់ និងអភិរក្សវិស័យកីឡា ឱ្យកាន់តែរីកចម្រើន និងមានស្ថិរភាព ក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគតថែមទៀត។
គួរជម្រាបជូនថា នេះជាលើកទី៧ហើយ ដែលគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក រៀបចំប្រារព្វពិធីទិវាកីឡាកុមារសម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១របស់ខ្លួន ដែលទិវាកីឡាកុមារនេះ បានប្រព្រឹត្តិទៅដោយរលូន និងស្ថិតក្រោមបរិយាកាសរីករាយបំផុតសម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា៕