អត្ថបទដកស្រង់ដោយ : ឥន សូហ្វីយ៉ា
#MJQE#AmericanInterconSchool
តើអ្នកធ្លាប់ចាប់អារម្មណ៍ទេ? ឱ្យតែថ្ងៃណាក្រោកពីគេងយឺត ញ៉ាំអាហារពេលព្រឹកមិនទាន់ប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តទៅបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ហើយទម្លាប់ទាំងនោះមានដូចខាងក្រោម៖
១. នៅឱ្យឆ្ងាយពីបច្ចេកវិទ្យា :
ការប្រើអ៊ីនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឱ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។
២. ផ្តល់ជាតិទឹកដល់សារពាង្គកាយ :
អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឱ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។
៣. នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ :
ចំណាយពេលប្រមាណ១នាទីញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណ និងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឱ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរម្លឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឱ្យមានអារម្មណ៍ល្អ។
៤. រៀបចំគ្រែ ឬកន្លែងគេង :
វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។
៥. ធ្វើលំហាត់ប្រាណ :
លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឱ្យតែធ្វើឱ្យអ្នកមានថាមពល និងឫកពា រហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។
៦. រៀបចំខ្លួនឱ្យបានស្អាតបាត :
សកម្មភាពតូចៗ តែសំខាន់ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯង ហើយជាលទ្ធផលអ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក ព្រមជាមួយនឹងការញ៉ាំអាហារសុខភាពផងដែរ។
៧. មានគម្រោងកិច្ចការដែលត្រូវបំពេញ :
ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃ ហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។
៨. ធ្វើសមាធិ :
សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូលប្រមាណ០៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.healthtime.tips/km/library/article/2091