កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង គ្រប់សាខា បាននាំសិស្សថ្នាក់ទី១០ ទាំងអស់ចុះទស្សនកិច្ចសិក្សាលើកទី១៦២ ទៅកាន់រមណីដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ស្ថិតនៅក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កម្មវិធីនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្តសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដែលទាក់ទងនឹងដើមកំណើត អាណាចក្រខ្មែរ ផ្សារភ្ជាប់កម្មវិធីសិក្សាប្រវត្តិសាស្រ្ត។ បន្ថែមពីនេះ ពួកគេបានយល់ដឹងអំពីទីតាំងប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងភ្នំឈើកាច់ ដែលមានប្រវត្តិល្បីល្បាញតាំងពីបុរាណកាលមក ស្វែងយល់ពីទីវត្តអារាម ដែលមានជាប់ទាក់ទងទៅនឹងប្រវត្តិនៃទីកន្លែងរបស់តួអង្គទុំ ក្នុងរឿងទុំទាវ។ លើសពីនេះ វាក៏មានការផ្សារភ្ជាប់នឹងកម្មវិធីសិក្សាអប់រំអក្សរសិល្ប៍ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងវិថីក្នុងខេត្ដកណ្ដាល និងនៅជុំវិញកំពូលភ្នំឈើកាច់ ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំ ល្វឹងល្វើយក្នុងខេត្ដព្រៃវែង។ សិស្សានុសិស្សបានយល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃតំបន់ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេសចរណ៍។ ជារួម សិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតពីការចូលរួមកម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំនិងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
សូមចុចតំណខាងក្រោម!
ដំណើរទស្សនកិច្ចសិក្សាលើកទី១៦២ ទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ