គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានភ្នំដា ស្ថិតនៅក្នុងភូមិ ព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ សម្រាប់ថ្នាក់ទី១១ទាំងអស់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្តប្រាសាទភ្នំដាសម័យកាលហ្វូណន់ នាសតវត្សរ៍ទី៤-៦ ដែលទាក់ទងនឹង ទីកន្លែងចាប់ផ្តើមកំណើតដំបូងបំផុតនៃសង្គមជាតិកម្ពុជា។
២. សិក្សាស្វែងយល់ពីប្រាសាទបុរាណជាស្នាដៃបុព្វបុរសយើងបន្សល់ទុកក្នុងសម័យកាលនគរភ្នំរាប់ពាន់ឆ្នាំមក ហើយ។
៣. យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងដងវិថីក្នុង ខេត្ដកណ្ដាល និងនៅជុំវិញកំពូលភ្នំដា ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំល្វឹងល្វើយក្នុងខេត្តតាកែវ។
៤. យល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃតំបន់ ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេសចរណ៍។
៥. ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងប្រវត្តិសាស្រ្ត។
៦. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៧. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ច នៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។