កាលពីថ្ងៃទី០៧ ខែកក្កដា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១២២ សម្រាប់សិស្សានុសិស្សថ្នាក់១២ ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបន្តទស្សនកិច្ចសិក្សានៅ រមណីយ-ដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះ ក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា បានស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជទ្រព្យ ដែលជាតំបន់ប្រវត្តិសាស្រ្ត ជាអតីតរាជធានីខ្មែរនាសម័យឧដុង្គ ហើយបច្ចុប្បន្នជាទីតម្កល់នូវចេតិយអតីតព្រះមហាក្សត្រខ្មែរ និង ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ដែលប្រជាជនកម្ពុជាប្រហែលជា៩០ភាគរយបានកំពុងគោរពប្រណិប័តន៍ យល់ដឹងអំពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតារប្រទេសកម្ពុជា ផ្សារភ្ជាប់ទៅនឹង ទិដ្ឋភាពជាក់ស្តែងនៃអតីតរាជធានីខ្មែរសម័យឧដុង្គ គយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងផ្លូវ និងជុំវិញបរិវេណទីតាំងទស្សនកិច្ចសិក្សា ដែលស្ថិតនៅតាមបណ្តោយដងទន្លេសាប និងលាតសន្ធឹងល្វឹងល្វើយលើផ្ទៃដីកសិកម្មក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ និងទស្សនាបរិស្ថានធម្មជាតិ និងស្រូបខ្យល់អាកាសល្អបរិសុទ្ធក្រោមម្លប់ឈើត្រឈឹងត្រឈៃដេរដាសជាមួយនឹងសូរសំឡេងរៃយំកងរំពងលើដែនដីប្រវត្តិសាស្ត្រប្រកបដោយបរិយាកាសស្រស់ថ្លាជាទីមនោរម្យក្រៃលែង។ លើសពីនេះ សិស្សានុសិស្សមានឱកាសរឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធន៍ក្នុងការបកស្រាយការ ធ្វើបទបង្ហាញ ការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយ មហាជនឱ្យបានកាន់តែប្រសើរ និងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
Category: កម្មវិធីទស្សនកិច្ចសិក្សា