កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចនៅខេត្តសៀមរាប គឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យពួកគេបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។ ទន្ទឹមនោះ ពួកគេបានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តនៃការកសាងប្រាសាទបុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ និងរឿងរ៉ាវនឹកស្មានមិនដល់មួយចំនួនទៀតសុទ្ធសឹងជាចំណេះដឹងដែលទទួលបានពីមគ្គុទេសក៍ជំនាញៗក្នុងការបកស្រាយពន្យល់លម្អិតរឿងរ៉ាវទាំងនោះ។ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតជាបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតទៀត។ ម្យ៉ាងទៀតដើម្បីបង្កើនភាពក្លាហានដល់សិស្សតាមរយៈការសហការ ទំនាក់ទំនងល្អជាមួយមហាជន ជាពិសេសរួតរឹតចំណងមិត្ដភាពពួកគេកាន់តែមានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពីនោះ សិស្សក៏បានចុះទៅសិក្សាពីសិប្បករអង្គរ សិប្បកម្មសូត្រ ដើម្បីឈ្វេងយល់ពីរបៀបឆ្លាក់រូបលើឈើ លើថ្ម និងការចិញ្ចឹមដង្កូវនាងយកសូត្រទៅត្បាញចេញជាសម្លៀកបំពាក់ ហើយក៏មានដែរការដើរទស្សនាពីរបៀបរបបលក់ដូររបស់អាជីវករនៅផ្សាររាត្រីនាពេលរសៀល។ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សានោះឆ្លងកាត់ខេត្តកំពង់ធំ ក្រុមសិស្សទាំងនោះបានឆ្លៀតចូលទស្សនារមណីយដ្ឋានប្រាសាទបុរាណសម្បូរព្រៃគុក ព្រមទាំងឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាមហរផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃនោះ សិស្សក៏បានចូលទស្សនាសារមន្ទីរ Angkor Panorama ព្រមទាំងទៅអុជធូបបន់ស្រន់សុំសេចក្តីសុខនៅអាស្រមព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ហើយពិសេសក្នុងដំណើរទស្សនកិច្ចនោះ ក៏មានពិធី Pool Party ឬជំនួបភាព ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។
Category: កម្មវិធីទស្សនកិច្ចសិក្សា