គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ប្រមាណ២៥០នាក់ ចុះធ្វើទស្សនកិច្ចសិក្សា ទៅសួនកម្សាន្ដធម្មជាតិ អ៊ីអេម (EM) ដែលជាកន្លែងបែបកសិទេសចរណ៍ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។
លោកស្រី ប៉ែន មាលតី ចាងហ្វាងរងផ្នែកមធ្យមសិក្សាបឋមភូមិ បានឱ្យដឹងថា គោលដៅចម្បង នៃដំណើរទស្សនកិច្ចសិក្សាលើកទី១១៤ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង គឺរៀបចំឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សបានចុះអនុវត្តផ្ទាល់ពីបំណិនជីវិត បន្ទាប់ពីសិក្សាទ្រឹស្ដីរួច ជាពិសេសគឺជំរុញឱ្យសិស្សបានសិក្សាឈ្វេងយល់បន្ថែមពីវិស័យកសិកម្ម។ កសិកម្មដែលប្រើប្រាស់ជីធម្មជាតិមិននាំឱ្យមានប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថាន។
លោកស្រីបន្តថា ក្រៅពីសិក្សាឈ្វេងយល់គុណសម្បត្តិ គុណវិបត្តិបន្លែ សិស្សក៏ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំបន្លែ របៀបធ្វើជីធម្មជាតិ ទឹកបន្លែ ពីអ្នកជំនាញ រួមទាំងបានកម្សាន្ដអារម្មណ៍ដោយដើរទស្សនាប្រភេទដំណាំបន្លែធម្មជាតិចម្រុះជាង១រយប្រភេទផងដែរ។ លោកស្រី ប៉ែន មាលតី បញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អមួយជួយពង្រឹងចំណងមិត្តភាពពួកគេឱ្យរឹតតែរឹងមាំផងដែរ។
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ