គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ចោមចៅ ជ្រោយចង្វារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ ដែលមានចំនួនសរុបចំនួន១២២នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សានៅផ្សារទំនើបម៉ាក្រូ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងសាខាម៉ៅសេទុង ដឹកនាំសិស្សទៅកាន់ផ្សារទំនើបស្ទឹងមានជ័យថ្មី ស្ថិតនៅភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមកញ្ញា អ៊ុន ច័ន្ទនិមល ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាជ្រោយចង្វារ ការដឹកនាំសិស្សានុសិស្សដែលជាកុមារតូចៗទៅធ្វើទស្សនកិច្ចសិក្សានៅផ្សារទំនើបៗនានាក្នុងរាជធានីភ្នំពេញនេះ គឺមានគោលបំណងចង់បណ្តុះស្មារតីសិស្សឱ្យចេះសង្កេតពីមហាជន អាជីវករ ស្គាល់ស្លាកសញ្ញា កំណត់សម្គាល់ផ្សេងៗដែលបិតលើមុខទំនិញ ស្គាល់ឈ្មោះត្រី សាច់ បន្លែគ្រប់ប្រភេទ។ ពិសេស គឺបានបញ្ជ្របកុមារតូចៗពីចំណីអាហារដែលគួរញ៉ាំនិងចំណីអាហារមួយចំនួនដែលមិនគួរញ៉ាំ ព្រោះអាចប៉ះពាល់ដល់សុខភាពពួកគេជាដើម។
កញ្ញាបញ្ជាក់ថា គណៈគ្រប់គ្រងសាលាជ្រើសរើសផ្សារទំនើបជាគោលដៅទស្សនកិច្ចសិក្សាសិស្ស ព្រោះផ្សារទំនើបជាកន្លែងដែលមានមុខទំនិញរាប់ម៉ឺនប្រភេទ សម្បូរបែប គ្រប់តម្រូវការអតិថិជន និងងាយស្រួលដល់កុមារតូចៗដើរទស្សនា សិក្សាឈ្វេងយល់ ព្រមទាំងមានសុវត្ថិភាព។ ជាងនេះទៅទៀត ទំនិញទាំងនោះមានកាលបរិច្ឆេទត្រឹមត្រូវមានស្តង់ដារច្បាស់លាស់និងមានការត្រួតពិនិត្យដែលងាយដល់ការបង្ហាញសិស្សឱ្យយល់ដឹងពីអនាម័យ ចំណីដែលមានសុវត្ថិភាព។
កុមារី ចំរើន វិជ្ជតា ដែលបានទៅដល់ទីនោះ បាននិយាយថា បានឈ្វេងយល់ពីទំនិញក្នុងផ្សារទំនើប ហើយទទួលបាននូវចំណេះដឹងថ្មីៗដែលខ្លួនមិនធ្លាប់បានដឹងពីមុន។ កាលរៀននៅក្នុងថ្នាក់អ្នកគ្រូគ្រាន់តែបានបង្ហាញពីបន្លែ ផ្លែឈើ ត្រឹមជារូបភាពប៉ុណ្ណោះ ចំណែកថ្ងៃនេះបានឃើញពិតជាក់ស្តែង។
វិជ្ជតាថា និយាយថា «អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺស្លាកសញ្ញាបញ្ជាក់ពីខែ ឆ្នាំផលិត និងថ្ងៃ ខែ ផុតកំណត់លើមុខទំនិញមួយចំនួន ហើយខ្ញុំនិងប្រាប់ទៅមិត្តភក្តិផ្សេងទៀតដែលមិនទាន់បានដឹង។»
គួររំលឹកជូនថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួចម៉េង លី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន លោកតែងព្រួយបារម្ភ ខ្វាយខ្វល់ និងយកចិត្តទុកដាក់បំផុតលើសុវត្ថិភាពចំណីអាហាររបស់សិស្សានុសិស្សទាំងអស់ រួមមានមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង៕