លោកស្រី រស់ យ៉ាណា

ប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង

ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!
នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជឿ​ជាក់​លើ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង!

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជា​សាលា​រៀន​ចំណេះដឹង​ទូទៅ​ខ្មែរ​ដែល​មាន​កម្រិត​គុណភាព​អប់រំខ្ពស់ វិន័យល្អ និង​សេវាកម្ម​រហ័ស​ប្រកប​ដោយ​ភាព​កក់ក្តៅ។ បរិយាកាស​សិក្សា​ប្រកប​​ដោយ​ផាសុកភាព ថ្នាក់​រៀន​មាន​ភាព​ទាក់ទាញ​គួរ​ឱ្យ​ចង់រៀន សម្ភារ​ឧបទេស​ក្នុង​​ការ​បង្រៀន​សម្បូរបែប លោកគ្រូ អ្នកគ្រូ ប្រកប​ដោយ​ជំនាញ​វិជា្ជជីវៈ​ពិតប្រាកដ។

សម្រាប់កុមារតូចៗ ប្អូនៗនឹងទទួលបាននូវចំណេះដឹង មូលដ្ឋានគ្រឹះបំណិនស្តីពីការងាយសម្របខ្លួនក្នុងការសិក្សា តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្តើម​សិក្សា ការ​ប្រតិបត្តិ​ខ្លួន​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញ​ប្រកប​ដោយ​សីលធម៌ និង​សុជីវ​ធម៌ល្អ។ សម្រាប់ប្អូនៗ​កុមារ​កម្រិត​បឋម​សិក្សា ដែល​បាន​សិក្សា​នៅ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង មិន​ត្រឹម​តែ​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​ខ្មែរ​ប៉ុណ្ណោះទេ ប្អូនៗ​ថែម​ទាំង​ទទួល​បាន​នូវ​ការ​បង្ហាត់​បង្រៀន​បន្ថែម​នូវ​មុខវិជ្ជា​មួយ​ចំនួន​ដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង សិល្បៈរបាំ សិល្បៈគំនូរ គេហកិច្ច និង​កីឡា​ជា​ច្រើន​ប្រភេទ ព្រម​ទាំង​បណ្តុះ​នូវ​បំណិន​ប្រសប់​ក្នុង​ការ​សម្រប​ខ្លួន​យ៉ាង​ប្រសើរ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។

ប្អូនៗ​កុមារ​ទាំងអស់​មាន​ឱកាស​បញ្ចេញ​នូវ​ទេព​កោសល្យ​សម្តែង​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត បំណិន​ប្រសប់​របស់​ខ្លួន​ក៏​ដូច​ជា​ការ​បញ្ចេញ​ចំណេះ​ដឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ផ្សេងៗ ទាំង​កម្មវិធី​ក្នុង​សាលារៀន ក៏ដូចជា​ចូល​រួម​ជាមួយ​ស្ថាប័នផ្សេងៗ​ទៀត ពិសេស​ស្ថាប័នរដ្ឋ។ សិក្សា​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង គឺ​ពិត​ជា​បាន​ទទួល​ការ​បណ្តុះ​នូវ​ចតុស្តម្ភ​ទាំងបួន​ពិត​ប្រាកដ គឺចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និង​ចេះរួម​រស់​ជា​មួយគ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា។ កត្តាទាំងនេះ ជា​ឱកាស​ដែល​អាច​រុញ​ច្រាន​ប្អូនៗ​កុមារ​ឱ្យ​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​វ័យ​សិក្សា​របស់ពួកគេ ហើយ​ក៏​ជា​ឱកាស​ដែលពួកគេ នឹង​ទទួល​បាន​នូវ​អនាគត​ដ៏​ភ្លឺ​ត្រចះ​ត្រចង់។

ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក លោកស្រី មាតាបិតា អ្នក​អាណាព្យាបាល និងប្អូនៗ​កុមារ​ទាំង​អស់​ដែល​តែងតែ​គាំទ្រ និង​មាន​ទំនុក​ចិត្ត​ចំពោះ​សាលា​យើងខ្ញុំ។ តាង​នាម​ឱ្យ​បុគ្គលិក​សិក្សា​​ទាំង​អស់ សូម​គោរព​ជូន​ពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និង​ប្អូនៗ​កុមារ​ទាំង​អស់​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

លោក សោម ចាន់ណា

នាយកចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

លោក សោម ចាន់ណា កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៦ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ លោកបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៥។ ក្រោយទទួលបានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លោកក៏បានជាប់ជានិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យ ស្វាយរៀង ជំនាញផ្នែកទីផ្សារ។ បន្ទាប់ពីចូលរៀនផ្នែកទីផ្សារបានមួយរយៈពេលខ្លី លោកបានប្រឡងជាប់ជាគ្រូមធ្យមសិក្សា បឋមភូមិ មុខវិជ្ជាឯកទេសគណិតវិទ្យា-រូបវិទ្យា និងបន្តការសិក្សាលើជំនាញនេះរហូតទទួលបានសញ្ញាបត្រមធ្យម សិក្សាគរុកោសល្យ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៧។ លោកបានចូលបម្រើការងារជាគ្រូបង្រៀនគណិតវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ខេត្តស្វាយរៀង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៧។ ស្របពេល នឹងការបំពេញកាតព្វកិច្ចជាគ្រូបង្រៀន លោកក៏មិនបានបោះបង់ចោលនូវការក្រេបយកចំណេះវិជ្ជាក្នុងការបង្កើន កម្រិតយល់ដឹងខ្លួនដែរ គឺលោកបានចាប់ផ្ដើមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រសាជាថ្មី នៅវិទ្យាស្ថានសង្គមសាស្ត្រ និងបច្ចេកវិទ្យារហូតដល់ចប់ចុងចប់ដើម ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៩។ តមកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ រូបលោកក៏ចូលបម្រើការងារនៅអង្គការ ដើម្បីភាពញញឹមនៃកុមារ ក្នុងរាជធានីភ្នំពេញ មានតួនាទីជាគ្រូបង្រៀនគណិតវិទ្យា។ កំឡុងពេលបំពេញការងារ ជាមួយអង្គការមួយនេះ បើទោះបីជាការងារមានភាពមមាញឹកយ៉ាងណាក្ដី ក៏លោកនៅឆ្លៀតទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមលើជំនាញរបស់ខ្លួនទៀត នៅសកលវិទ្យាល័យ ខេមរៈ ហើយទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣។ ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់លើការងារអប់រំអស់រយៈពេលជាច្រើនឆ្នាំ លោកត្រូវបានប្រធានផ្នែកតម្លើងតួនាទីជាជំនួយការ គរុកោសល្យ (Pedagogic Assistant) រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។

ដោយមានឆន្ទៈចង់ផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍខ្លួន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ លោកបានផ្លាស់ប្តូរទីកន្លែងធ្វើការម្តងទៀតក្នុងវិស័យអប់រំដូចគ្នា មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិសាខាម៉ៅសេទុង។ លុះដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ លោកត្រូវបានគណៈគ្រប់គ្រងចាត់ឱ្យមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ក្នុងតួនាទីដដែល ដើម្បីជួយសម្របសម្រួលការងារចាងហ្វាងទទួលបន្ទុក និងដោយសារតម្រូវការចាំបាច់របស់ស្ថាប័ន។

ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោកត្រូវបានគណៈគ្រប់គ្រងផ្តល់តួនាទីជាចាងហ្វាងមធ្យមសិក្សា បឋមភូមិនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទទួលគោក។ ដោយការខិតខំយកចិត្តទុកដាក់ បំពេញការងារ ការចូលរួម ការសហការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ មកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ រូបលោកត្រូវបានគណៈគ្រប់គ្រងផ្ដល់ទំនុកចិត្តខ្ពស់ប្រគល់តួនាទីថ្មី ជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ដែលជាសាខាថ្មី ហើយបានដាក់សម្ពោធបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

ឆ្លងកាត់ការសិក្សា និងបទពិសោធន៍ការងារអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ លោកសូមផ្តាំផ្ញើដល់ប្អូនៗ យុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ អប់រំសីលធម៌ និងជំនាញបំណិនជីវិតឱ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍ និងកសាងធនធានមនុស្សក្នុងសង្គម និងប្រទេសជាតិតបស់យើង។

លោកស្រី អ៊ុន ច័ន្ទនិមល

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀនអន្តរទ្វីបអាមេរិកាំង។

សាលារៀនអន្តរទ្វីបអាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅគ្រប់កម្រិតចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាមបែបខ្មែរ-អាមេរិកាំងដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើគុណភាព វិន័យ និងសេវាកម្ម និងបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និង   កីឡា។ ជាងនេះទៅទៀតសាលាក៏បានបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីកុមារមេត្រី ដោយមានលោកគ្រូ អ្នកគ្រូពោរពេញទៅដោយសមត្ថភាព បទពិសោធន៍ គរុកោសល្យ និងមានវិធីសាស្ត្រល្អៗ ប្រកបដោយ   ឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានមុខជំនាញច្បាស់លាស់ក្នុងការបង្រៀន។ ជាមួយនេះផងដែរ សាលាក៏មានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមានមុខវិជ្ជាបំណិនជីវិត និងមុខវិជ្ជាជំនាញជាជម្រើសដ៏សម្បូរបែប បន្ថែមនូវមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណេត បណ្ណាល័យស្រាវជ្រាវពោរពេញដោយឯសារគ្រប់កម្រិត គ្រប់ជំនាញ និងមានបន្ទប់សិក្សា បន្ទប់ពិសោធន៍ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។ សាលាក៏មានសេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។ មិនតែប៉ុណ្ណោះសាលារៀនអន្តរទ្វីបអាមេរិកាំងក៏ជាមជ្ឍមណ្ឌលសិក្សាដ៏ទំនើបដែលជួយជំរុញ និងលើកកម្ពស់ សមត្ថភាពសិស្សឱ្យមានភាពក្លាហាន ភាពជាម្ចាស់ការ ភាពជាអ្នកដឹកនាំ ការសហការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធន៍ តាមរយៈកម្មវីធីប្រកួតប្រជែងជាច្រើនដូចជា ការប្រកួតគូរគំនូរ និងការតាំងពិព័រណ៍ស្នាដៃសិស្ស ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ការប្រកួតនិទានរឿងជាភាសាអង់គ្លេស ការប្រកួតពន្យល់ពាក្យភាសាខ្មែរ ការប្រកួតអាន ការតែងអត្ថបទភាសាខ្មែរ ការប្រកួតវប្បធម៌-អរិយធម៌ខ្មែរ ការប្រកួតកីឡា ការប្រឡងសិស្សពូកែអាហារូករណ៍ម៉េងលីជេ.គួច ការប្រឡងតែងសេចក្តី និងការចូលរួមសង្គមរួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗទៀត ដែលជំរុញឱ្យប្អូនៗសិស្សានុសិ្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

តាំងនាមឱ្យសាលារៀនអន្តរទ្វីបអាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ដែលបានជឿទុកចិត្ត និងជ្រើសរើសសាលារៀនអន្តរទ្វីអាមេរិកាំងដើម្បីបណ្តុះ       បណ្តាលបុត្រធីតារបស់លោកអ្នក។

 

លោក ឃៀង វាសនា

ប្រធានគ្រូកុំព្យូទ័រ

លោក ឃៀង វាសនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៥ ហើយក៏បានបញ្ចប់ ថ្នាក់អនុបណ្ឌិតសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ក្នុងឆ្នាំ២០១៥ ផងដែរ។

លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាប្រធានគ្រូកុំព្យូទ័រនៅសាសារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សា ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។ មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។

គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅអនាគត។

កញ្ញា តាប់ សោភ័ណ្ឌ

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

កញ្ញា តាប់ សោភ័ណ្ឌ កើតនៅថ្ងៃទី​១៩ ខែឧសភា ឆ្នាំ១៩៩៥ នៅខេត្តសៀមរាប។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំភាសាអង់គ្លេស  ពីសាកលវិទ្យាល័យ USEA ខេត្តសៀមរាប ក្នុងឆ្នាំ ២០១៧ ។ កញ្ញាបានចាប់ផ្តើមបម្រើការងារក្នុងសាកលវិទ្យាល័យUSEA ពីឆ្នាំ២០១២ ដល់ ២០១៦ ។ ក្រោយមកទៀត កញ្ញាបានបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅ ស្ថាប័នឯកជនមួយចំនួន​ ក្នុងខេត្តសៀមរាប ហើយទទួលបានបទពិសោធន៍ល្អៗជាច្រើនក្នុងវិស័យអប់រំ ។​នៅថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ កញ្ញាបានចូលបម្រើការងារនៅសាលារៀនអន្តរទ្វីបអាមេរិកាំង  ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង។

 

យោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង  និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី 0១ ខែតុលាឆ្នាំ ២០២១ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសយោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង  និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសសម្រាប់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យក្នុងកម្មវិធីអប់រំទូទៅខ្មែរ។ ឆ្លងកាត់តាមនទពិសោធន៍ និងលទ្ធផលការងារគាប់ប្រសើរកញ្ញាត្រូវបានតំឡើងតួនាទីថ្មីនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣ ជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា។​ កញ្ញារីករាយក្នុងការបម្រើការងារនៅក្នុងវិស័យអបរំ និងសង្ឃឹមយ៉ាងមុតមាំក្នុងការបំពេញតួនាទីនេះ ដើម្បីបន្តអោយកម្មវិធីសិក្សា នៃសាលារៀនអន្តរទ្វីប អាមេរិកាំង កាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់។

លោកស្រី ភី ភារីន

នាយិកាកីឡា

លោកស្រី ភី ភារីន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៨១ នៅ​ភូមិ​កំពង់​ចម្លង ឃុំ​ព្រែក​ទន្លាប់ សុ្រក​លើក​ដែក ខេត្ត​កណ្តាល។ លោកស្រី បាន​ទទួល​សញ្ញា​បត្រ​គ្រូមធ្យម​សិក្សា​បឋមភូមិ ឯក​ទេស​អប់រំកាយ និងកីឡា នៅឆ្នាំ២០០១ និង​សញ្ញា​បត្រ​កម្រិត​បរិញ្ញ​បត្រ ផ្នែក​អក្សរ​សាស្ត្រ​ភាសា​អង់គ្លេស ពី​សកល​វិទ្យាល័យ អន្តរជាតិ ភ្នំពេញ នៅ​ឆ្នាំ​២០០៨។

លោកស្រី​បាន​ចូល​បម្រើ​ការ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០១ រហូត​ដល់​បច្ចុប្បន្ន។ ទន្ទឹមគ្នា​ផង​ដែរ លោកស្រី​បាន​ចូល​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន និង​សាលា​រៀន អន្តរទ្វីប អាមេរិកាំង នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៦ ក្នុង​តួនាទី​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គ្រូ​កីឡា អប់រំកាយ ក្រៅម៉ោង។ ផ្អែក​លើ​សមត្ថភាព និង​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​របស់​លោកស្រី លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុ​ប្រធាន​ផ្នែក​កីឡា។ បន្ទាប់​មក​ទៀត លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា ដោយ​សារ​ភាព​សម្រប​សម្រួល​ការងារ​របស់​លោកស្រី​ក្នុង​ការ​ដឹកនាំ និង​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​ការងារ និង​ភាព​តស៊ូ​លះ​បង់​ខ្ពស់ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​កីឡា ​នៃវិទ្យាស្ថាន និង​សាលា​រៀន អន្តរទ្វីប អាមេរិកាំង។ សព្វថ្ងៃ លោកស្រី​ជា​នាយិកា​កីឡា នៃវិទ្យាស្ថាន និង​សាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។

ក្នុងនាម​លោកស្រី​តំណាង​បុគ្គលិក​សិក្សា នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ លោក លោកស្រី មាតា​បិតា ឬ​អ្នក​អាណា​ព្យាបាល​ដែល​តែង​តែ​គាំទ្រ និង​មាន​ទំនុក​ចិត្ត​ចំពោះ​វិទ្យាស្ថាន និង​សាលា​រៀន អន្តរទ្វីប អាមេរិកាំង ដែល​ជា​សាលា​រៀន​ផ្តល់​នូវ​សេវា​អប់រំ និង​ចំណេះ​ដឹង​ពិត​ប្រាកដ​ជូន​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេស​ជាតិ។

អ្នកស្រី លួន ស្រីទូច

ប្រធានអ្នកប្រឹក្សាសិក្សាសាលា

អ្នកស្រី លួន ស្រីទូច បាន​បញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាបត្រ​ចិត្តវិទ្យា​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញនៅ​ឆ្នាំ២០១០​។ អ្នកស្រីបានចូលបម្រើការងារជា អ្នកសម្របសម្រួលកម្មវិធី ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២  នៅអង្គការសមាគមថែទាំគ្រួសារកម្ពុជា

(រ៉ាក់) (RHAC) ផ្តោតទៅលើការអប់រំ និងការប្រឹក្សាយោបល់ដល់យុវវ័យ នៅក្នុងសហគមន៍ ដូចជា៖ ផលលំបាកនៃបោះបង់ការសិក្សានៅវ័យក្មេងពេក ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត

អនាម័យក្នុងការរស់នៅ ការស្លៀកពាក់ ការបរិភោគ  ការរៀបចំផែនការគ្រួសារ និងសុខភាពបន្តពូជ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ អ្នកស្រីក៏បានប្តូរទៅបម្រើការងារជា បុគ្គលិកកម្មវិធី នៅអង្គការមូលនិធិស្ម័គ្រចិត្តកម្ពុជា (Cambodia Volunteer Foundation) ក្នុងការសម្របសម្រួលចំពោះអ្នកស័្មគ្រចិត្តជាជនជាតិបរទេស ដែលពួកគាត់មកស្ម័គ្រចិត្តជួយនៅតាមអង្គការនានានៅប្រទេសកម្ពុជា ដូចជាជួយបង្រៀន ភាសាអង់គ្លេស ថែទាំទារក កុមារ ប្រឹក្សាយោបល់ដល់ប្អូនៗ។

អ្នកស្រី លួន ស្រីទូច បានចូលបម្រើការងារជាអ្នកប្រឹក្សា​សិក្សា​សាលា​ (School​ Counselor​)  ​ ​ នៅសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០១៥។ អ្នកស្រី​បាន​រួមចំណែកក្នុងការ​ចែករំលែក​នូវ​វិធី​សាស្រ្ត​សិក្សា​ អប់រំ​វិន័យ​ និង​សីលធម៌​ទៅដល់សិស្សានុ​សិស្សដែល​កំពុង​មាន​វត្តមាន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំងយ៉ាងសកម្មដើម្បី​ឱ្យ​ទទួល​បាន​នូវ​គុណភាព​សិក្សា​ វិន័យ​ និង​សីលធម៌​។ មិន​តែប៉ុណ្ណោះ​ អ្នកស្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​អ្នក​ចិត្ត​សាស្រ្ត​ក្នុង​ការ​ជួយ​សម្របសម្រួល​  និង​ប្រឹក្សា​បញ្ហា​ផ្លូវចិត្ត​ទៅដល់​សិស្សានុសិស្ស និងក្រុមការងារ​ផ្ទាល់ ។

ដោយយោងទៅលើសមត្ថភាពការងារ ខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ ក្នុងការបំពេញការងារអស់រយៈពេល៦ឆ្នាំ អ្នកស្រីត្រូវបាន​​ដំ​ឡើង​តួនាទី​ពី​អ្នក​ប្រឹក្សា​សិក្សា​សាលា ​ទៅជា​ប្រធាន​អ្នក​ប្រឹក្សា​សិក្សាសាលា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ​ដែល​បច្ចុប្បន្ន ​នឹង​ត្រូវ​ជួយ​សម្របសម្រួល​លើ​អ្នក​ប្រឹក្សាសិក្សាសាលា​ទាំង​ប្រាំមួយ​សាខា​។ សាលា​មានការ​កោតសរសើរ​យ៉ាង​ស្មោះចំពោះ​អ្នកស្រី​ ដែលមានការ​លះបង់​ខ្ពស់​ និង​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញការងារ​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។

លោក លីម រតនៈ

ប្រធានផ្នែករដ្ឋបាលសាលារៀន សាខាជ្រោយចង្វារ

ជម្រាបសួរ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ជាទី​គោរព​!

សួ​ស្តី​ប្អូន​ៗសិស្សានុសិស្ស​ជាទី​រាប់អាន​!

ខ្ញុំ​បាទឈ្មោះ​ លីម រតនៈ​ មាន​តួនាទី​ជា​ ប្រធានផ្នែករដ្ឋបាលសាលារៀន​។ ផ្នែក​រដ្ឋបាលសាលាជាផ្នែក​មួយ​ដែលតែងតែចូលរួម​ចំណែក​ក្នុង​ការ​បំពេញរាល់​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​។ លើស​ពីនេះ​ទៅទៀត ផ្នែក​មួយនេះតែងតែ​​រៀបចំ​រាល់​ឯកសារ​សិស្ស​ និង​ឯក​សារ​ផ្សេង​ៗ​របស់​សាលារៀន​ជាមួយ​នឹងការិយាល័យ​អប់រំ​ខណ្ឌ​ និង​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជ​ធា​នី​ភំ្ន​ពេញ​។យ៉ាងណាមិញសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ជា​សាលា​មួយ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ តាម​ប្រកាស​លេខ1910អយក.ប្រក​. ចុះ​ថ្ងៃទី២៧​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ២០០៦​ និង​លេខ៤៥៨អយក.ប្រក​. ចុះ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០០៧​។ ឆ្លងកាត់​រយៈពេល១៥ឆ្នាំ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ទាក់ទង​នឹង​វិស័យ​អប់រំ​ នៅក្នុង​រាជ​ធា​នី​ភំ្ន​ពេញ​ និង​ជា​សាលា​ទី1​ ដែល​លេចធ្លោ​ជាងគេ​ទៅលើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​។ គណៈ​កម្មា​ការ​សាលា​ព្យាយាម​ជ្រើសរើស​លោកគ្រូ​-អ្នកគ្រូ​ ដែល​មាន​គរុកោសល្យច្បាស់លាស​ និង​បទពិសោធន៍​ល្អៗ​ ហើយបន្ទប់​សិក្សា​បំពាក់​ដោយ​សម្ភារ​ទំនើបៗ​ បណ្ណាល័យ​ធំ​ទូលាយ​ ហើយមានកម្មវិធីសិក្សាយ៉ាងច្រើនសម្បូរបែបដូចជា៖ កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ កម្ម​វិ​ធី​សប្បុ​រធម៌​ និង​កម្មវិធី​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​នូវ​ចំណេះដឹង​ និង​ចំណេះធ្វើ​ពិតប្រាកដ​។

ក្នុងនាម​ខ្ញុំបាទ​ជា​បុគ្គលិក​ដែល​បម្រើការ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​គាំទ្រ និងមានទំនុកចិត្តខ្ពស់មកលើ​សាលា ហើយខ្ញុំបាទក៏សូមជូនពរ ដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់​ជួបប្រទះ​តែ​សេចក្តី​សុខ​សប្បាយគ្រប់​ក្រុម​គ្រួសារ​ និង​ប្រាថ្នា​អ្វី​បាន​ដូច​បំណង​។ជម្រាបសួរ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ជាទី​គោរព​!

លោក ជុំ ស៊ីធាន់

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

សូមជម្រាបសួរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស     ជាទីគោរពរាប់អាន !

ខ្ញុំបាទ​ ជុំ ស៊ីធាន់ ​ពិតជាមានបេតិសោមនស្សជាពន់ពេក ដែលបានចូលរួមជាមួយគ្រួសារ AIS។ ដោយឆ្លងកាត់ការចូលរួមបេសកកម្មដ៏ថ្លៃថ្លា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សអស់រយៈពេលជិត៦ឆ្នាំ ជាមួយស្ថាប័នអប់រំ (AIS) ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២១ ប្រកបដោយសេចក្ដីព្យាយាម ភាពស្មោះត្រង់ និងមនសិការវិជ្ជាជីវៈជាប់ជាប្រចាំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១                             គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្ដល់ទំនុកចិត្តប្រគល់             តួនាទីដល់ខ្ញុំ ជាចាងហ្វាងរង ផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខា          ជ្រោយចង្វារ។

ក្នុងឱកាសនៃការចូលប្រតិបត្តិតួនាទីថ្មី សម្រាប់ឆ្នាំសិក្សា ២០២១-២០២២       តាងនាមខ្ញុំ​ជាទូតសុឆន្ទៈមួយរូបរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំសូមយក ឱកាសដ៏មានតម្លៃនេះ ពាំនាំយកនូវវិសេសភាពទាំងឡាយ ដែលជាសក្ដានុពល របស់​ស្ថាប័ន ជូនទៅដល់លោក លោកស្រី​ និងអ្នកអាណាព្យាបាល​​សិស្សានុសិស្ស​ទាំងអស់គ្រប់មជ្ឈដ្ឋានឱ្យជ្រួតជ្រាប និងបង្កើនជំនឿជាក់ថែមមួយកម្រិតទៀតមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង។

សូមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង បន្តវឌ្ឍនភាពជានិរន្តន៍ក្នុងការចូលរួមបំពេញកាតព្វកិច្ច បណ្ដុះទំពាំងដ៏មានគុណភាព និងគុណវុឌ្ឍិ ស្របតាមបាវចនារបស់ស្ថាប័ន គឺគុណភាព វិន័យ និងសេវាកម្ម។

សូមអរគុណ!

លោក សួង ណារិន

ប្រធានរដ្ឋបាល

លោក សួង ណារិន កើតនៅឆ្នាំ១៩៨៤ នៅរាជធានីភ្នំពេញ។លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១៤។

លោក​បានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង​ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ក្នុង​តួនាទីអ្នកទីផ្សារ។ ក្រោយពីបំពេញការងាររយៈពេល១ឆ្នាំ លោកត្រូវបានផ្លាស់ប្តូរតួនាទីទៅជាអនុមន្រ្តីរដ្ឋបាលនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៧។ ផ្អែកលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់គាត់ លោកត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រូវបានដំឡើងតួនាទីជាមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ហើយត្រូវបានដំឡើងតួនាទី​ជានៅក្នុង ខែ​វិចិ្ឆកា ឆ្នាំ២០២០ ជាប្រធានរដ្ឋបាល រហូតដល់បច្ចុប្បន្ន។