បុគ្គលិកសិក្សា រួមទាំងក្រុមការងារពាក់ព័ន្ធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំក្នុងឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារអប់រំសម្រាប់ឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាពលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ការរៀបចំកិច្ចប្រជុំបូកសរុបការងារនេះ ធ្វើឡើងនៅថ្ងៃទី១០ តុលា ដែលជាថ្ងៃគម្រប់ខួបទី១៤ឆ្នាំ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ថ្លែងចំពោះបុគ្គលិកសិក្សាចាស់ថ្មីប្រមាណជាង៤រយនាក់ លោកឧកញ៉ា គួច ម៉េងលី បានរំលឹកពីអនុស្សាវរីយ៍ជូរចត់ជាមួយនឹងបុគ្គលិក កាលពីចាប់ផ្ដើមបើកគ្រឹះស្ថានអប់រំដំបូង។ លោកមានប្រសាសន៍ថា កាលបើកសាលាដំបូងបុគ្គលិកច្រើនជាងសិស្ស ហើយសូម្បីតែការរើសបុគ្គលិកក៏ត្រូវធ្វើដោយខ្លួន ការសម្ភាសចូលរៀនត្រូវធ្វើដោយខ្លួនឯង ហើយការបើក៦ខែដំបូង គឺមានតែការចំណាយទាំងស្រុង និងជាវេលាមួយដែលធ្វើឱ្យលោកផុតដៃក្នុងអាជីវកម្ម។
ថ្វីបើមានឧបសគ្គខ្លះៗ ប៉ុន្ដែការបើកគ្រឹះស្ថានអប់រំរបស់លោកឧកញ៉ា គួច ម៉េងលី នៅតែបន្តដំណើរទៅមុខយ៉ាងសន្សឹមៗ ខណៈសាលារៀនមួយចំនួន ជំនាន់នោះ បានបិទទ្វារទៅវិញបណ្ដើរៗ។ គិតត្រឹមរយៈពេលពីរឆ្នាំចុងក្រោយនេះ លោកឧកញ៉ា បញ្ជាក់ថា អាជីវកម្មអប់រំរបស់លោកបានរីកចម្រើនខ្លាំង ជាពិសេសការពង្រីកសក្ដានុពលបាន៦សាខា ក្នុងរាជធានីភ្នំពេញ និងកំពុងពង្រីកទៅតាមបណ្ដាខេត្ត ដើម្បីឆ្លើយតបតម្រូវការសិស្សដែលមានបំណងចង់បានគុណភាពអប់រំពិតប្រាកដ។
ជាមួយនឹងគ្នានេះ លោកឧកញ៉ា គួច ម៉េងលី បានសរសើរពីគុណសម្បត្តិលោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារពាក់ព័ន្ធ ដែលបានសហការល្អ ម៉ឺងម៉ាត់ ហ្មត់ចត់ រហ័សរហួន និងរួសរាយរាក់ទាក់ក្នុងការសម្រេចលទ្ធផលការងារកន្លងមក បើទោះបីការងារនោះជួបការលំបាកខ្លះៗក្ដី ប៉ុន្តែអាចសម្រេចបាននូវការបណ្ដុះបណ្ដាលកូនខ្មែរឱ្យក្លាយជាបណ្ដុំបញ្ញវ័ន្តពិតប្រាកដ ហើយសកម្មភាពនេះនៅបន្តទៅមុខទៀតដោយឥតឈប់ឈរ ដើម្បីសម្រេចឱ្យបានដល់គោលដៅមួយដែលក្រុមហ៊ុនកំណត់ចង់បាន។
លោកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា តាមរយៈការខ្នះខ្នែងសហការគ្នាយ៉ាងពេញដៃពេញជើងនេះបានធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនគួរឱ្យមានមោទនភាពចំពោះវិស័យអប់រំនៅក្នុងក្រុមហ៊ុនរបស់លោក។ ទោះជាបែបនេះក្ដីលោកបានជំរុញឱ្យបុគ្គលិកសិក្សាទាំងអស់ខិតខំដើម្បីពង្រីកនិងពង្រឹងទៅលើគុណភាពបង្រៀន ហើយបរិស្ថានស្ថាតទាំងក្នុង និងក្រៅអគារសិក្សា គឺជាកិច្ចការចាំបាច់ដែលលោកតែងតែយកចិត្តទុកដាក់បំផុត។ ជាងនេះទៅទៀត លោកឧកញ៉ា បានជំរុញឱ្យមានកម្មវិធីប្រកួតប្រជែង កម្មវិធីបង្កើតគម្រោងអាជីវកម្មខ្នាតតូច (Start Up Program) កម្មវិធីប្រកួតការស្លៀកពាក់បែបប្រពៃណី និងកម្មវិធីពានរង្វាន់អក្សរសិល្ប៍ខ្មែរ។
ទោះយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងខ្នះខ្នែងនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់អត្ថប្រយោជន៍មួយចំនួនបន្ថែមពីលើអត្ដប្រយោជន៍ដែលមានស្រាប់ដល់បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនអប់រំរបស់លោកទាំងអស់។ អត្ថប្រយោជន៍បន្ថែមទាំងនោះ គឺការព្យាបាលជូនសាច់ញាតិបុគ្គលិកដោយឥតគិតថ្លៃ លើកលែងថ្នាំសម្រាប់ព្យាបាលប៉ុណ្ណោះ។ ក្រៅពីនេះ កូនបុគ្គលិកនៅតាមបណ្ដាខេត្ត បើមិនចង់ទៅរៀននៅសាលារបស់លោកទេ ក្រុមហ៊ុននឹងផ្ដល់អាហារូបករណ៍ឱ្យរៀននៅសាលាក្បែរផ្ទះបាន។
សូមជម្រាបថា ក្នុងឱកាសប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សាចាស់ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីនេះ ក៏បានប្រគល់បណ្ណសរសើរដល់លោកគ្រូអ្នកគ្រូ ដែលបំពេញកិច្ចការងារបានល្អ មានសណ្តាប់ធ្នាប់ រួសរាយរាក់ទាក់ អត់ធ្មត់ ម៉ឺងម៉ាត់ ហ្មត់ចត់ រហ័រហួនក្នុងការងារ រួមទាំងថវិកាមួយចំនួន៕