ចាងហ្វាង ចាងហ្វាងរង ប្រធានផ្នែក និងអនុប្រធានផ្នែកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ប្រមាណ១៨នាក់ នៅព្រឹកថ្ងៃទី៣០សីហា នេះ បានបើកកិច្ចប្រជុំមួយស្ដីពី “ការត្រៀមទទួលសិស្សចូលរៀនត្រៀម សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨” ធ្វើឡើងនៅឯអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីចាត់ចែងមុខងារផ្នែកនីមួយៗឱ្យបានច្បាស់លាស់ និងដើម្បីរកវិធីសាស្រ្តល្អៗក្នុងការត្រៀមខ្លួនទទួលសិស្សចូលរៀនត្រៀមឆ្នាំសិក្សាថ្មីឱ្យមានភាពល្អប្រសើរ និងប្រកបដោយវឌ្ឍនភាព។
ក្នុងកិច្ចប្រជុំនោះ លោកស្រី សាឯម កម្រង ប្រធានចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានថ្លែងថា ដើម្បីឱ្យការត្រៀមខ្លួនទទួលសិស្សរៀនត្រៀមឆ្នាំសិក្សាថ្មីប្រកបដោយជោគជ័យខ្ពស់ និងដំណើរការបានរលូន ទី១ ផ្នែកសន្តិសុខត្រូវរៀបចំសណ្ដាប់ធ្នាប់សាលា ទាំងកន្លែងចំណតរថយន្ត ទាំងក្នុងសាលារៀន និងក្នុងថ្នាក់រៀនឱ្យមានសុវត្ថិភាពខ្ពស់បំផុត។ ទី២ នៅពេលសិស្សចូលរៀនត្រៀម ទាំងសិស្សចាស់និងសិស្សថ្មីត្រូវតែពាក់កាតសម្គាល់ខ្លួនគ្រប់គ្នា តែបើសិស្សគ្មានកាតទេ សន្តិសុខត្រូវនាំពួកគាត់ចូលការិយាល័យកិច្ចការសិស្ស។ ទី៣ ប្រសិនបើមានអ្នកអាណាព្យាបាលសិស្ស ឬអតិថិជនចង់សាកសួរព័ត៌មានសាលា សន្តិសុខត្រូវជូនកាតភ្ញៀវឱ្យពួកគាត់ពាក់ ហើយអញ្ជើញពួកគាត់ទៅការិយាល័យកិច្ចការសិស្ស។ ទី៤ ផ្នែកអនាម័យត្រូវរៀបចំបរិស្ថានសាលាឱ្យមានសោភណភាព។ ទី៥ ករណីសិស្សមករៀនត្រៀមមានអវត្តមានច្រើនលើសការកំណត់ នោះសាលានឹងមានវិធានការដូចថ្នាក់សិក្សាធម្មតាដែរ។ ទី៦ ឯកសណ្ឋានសិក្សា សិស្សអាចស្លៀកពាក់ដោយសេរី តែត្រូវរក្សាភាពថ្លៃថ្នូរ និងភាពសមរម្យ។ ចុងក្រោយប្រធានចាងហ្វាងរូបនេះ បានសង្កត់ធ្ងន់ថា ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក៏ដូចជាសុវត្ថភាពសិស្សឱ្យបាន១០០ភាគរយ ក្នុងម៉ោងសិក្សាសាលាមិនអនុញ្ញាតឱ្យសិស្សចេញក្រៅសាលាទិញគ្រឿងភេសជ្ជៈ ឬកម្មង់អីវ៉ាន់តាមអនឡាញដោយគ្មានការអនុញ្ញាតពីសាលានោះទេ។
សូមជម្រាបជូនថា វគ្គសិក្សាត្រៀមសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ គឺនឹងចូលរៀនចាប់ពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៤តុលា ២០១៧ រៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ វេលាម៉ោង៨:០០ព្រឹក ដល់ម៉ោង១០:៣០នាទីព្រឹក។ នេះបើតាមការឱ្យដឹងពីលោកស្រី សាឯម កម្រង៕