កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកិច្ចប្រជុំជាមួយនឹងគណៈកម្មការ លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិក ដើម្បីបូកសរុបការងារអប់រំឆ្នាំសិក្សាចាស់ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី២០១៧-២០១៨ នៅសាលប្រជុំ ផល គួច ក្រោមអធិបតីភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងកិច្ចប្រជុំនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា “សកម្មភាពការងារអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង គិតត្រឹមដំណាច់ឆ្នាំសិក្សានេះ មានការជោគជ័យច្រើនហួសពីការរំពឹងទុក ហើយសមិទ្ធផលនេះគឺកើតចេញពីការខិតខំពុះពារ និងជួយជ្រោមជ្រែងរបស់លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកពាក់ព័ន្ធគ្រប់ផ្នែក នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាហេតុធ្វើឱ្យសាលារៀននេះមានកេរ្តិ៍ឈ្មោះល្បីសុះសាយ មានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិចូលមកវិនិយោគទុន។ស្ថាបនិក និងប្រធានសាលារៀន បន្តថា ថ្វីដ្បិតតែសាលារៀន អន្តរទ្វីប អាមេរិកាំង មានដំណើរការល្អ ដោយទទួលបានជោគជ័យល្អ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំដូចសព្វថ្ងៃនេះក៏ដោយ ក៏មានជួបប្រទះនឹងឧបសគ្គច្រើនដែរ គឺឧបសគ្គនិងជោគជ័យហាក់បានដើរទន្ទឹមគ្នា តែនៅទីបំផុតយើងបានត្រួសត្រាយរកច្រកចេញបាន ហើយទទួលបានលទ្ធផលល្អផងដែរ។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបការងារអប់រំដំណាច់ឆ្នាំសិក្សា និងតម្រង់ទិសការងារអប់រំសម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨ ដែលធ្វើឡើងក្នុងថ្ងៃគម្រប់ខួបលើកទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ផង ខណៈពេលនោះក៏មានសំណួរ សំណូមពរឆ្លើយតបទៅដល់លោកគ្រូ និងអ្នកគ្រូ ហើយលើកទឹកចិត្តដល់គណៈកម្មការ និងបុគ្គលិកសិក្សាដែលបានខិតខំ ពុះពារ ក្នុងការចូលរួមជ្រោមជ្រែងផលិតធនធានមនុស្សប្រកបដោយគុណភាពផងនៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ក៏មានផងដែរនូវការប្រគល់បណ្ណសរសើរ និងថវិកាមួយចំនួនដល់គ្រូឆ្នើម រួមទាំងការពិសាអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានទន្លេបាសាក់ពីរផងដែរ៕
Category: កិច្ចតម្រង់ទិស