កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំការប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច លើកទី១២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ តាមសាខារៀងៗខ្លួន ដែលមាន៣ទីតាំង ៖
១. សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
២. សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
៣. អគារវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ
ការប្រកួតប្រឡងនេះ ត្រូវបានធ្វើឡើងជាពីរដំណាក់កាល គឺពេលព្រឹកប្រឡងលើមុខវិជ្ជាឯកទេស និងពេលរសៀលប្រឡងវប្បធម៌ទូទៅ ដែលមានការចូលរួមត្រួតពិនិត្យ និងកែយ៉ាងសុក្រិតបំផុតពីសំណាក់គណៈមេប្រយោគ ដែលជាលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងឡើងដើម្បីជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំនូវមេរៀនអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និងវប្បធម៌ទូទៅ ឱ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។ កន្លងមក សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំនូវការប្រកួតជាច្រើនបន្ថែមពីលើការរៀននៅក្នុងថ្នាក់ដោយផ្តោតលើមុខវិជ្ជាសិក្សាផ្សេងៗពីគ្នា ដើម្បីឱ្យសិស្សានុសិស្សមានឱកាសប្រកួតប្រជែងសមត្ថភាពទៅតាមចំណូលចិត្ត និងតាមកម្រិតថ្នាក់ ដើម្បីជាគន្លឹះឱ្យសិស្សានុសិស្សទទួលបាននូវចំណេះ និងជំនាញពីការប្រកួតប្រជែង និងលើកទឹកចិត្តដល់ពួកគេឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រលើគ្រប់មុខវិជ្ជា ប្រកបដោយសមធម៌ ហើយ តាមរយៈការប្រកួតមួយនេះ សិស្សានុសិស្សមិនគ្រាន់តែចេះនូវមុខវិជ្ជាមេរៀនស្របតាមកម្មវិធីសិក្សា តាមកម្រិតថ្នាក់របស់ខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងបានចង់ចាំបានយ៉ាងល្អនូវមេរៀនអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និងវប្បធម៌ទូទៅ និងជាឧត្តមប្រយោជន៍ដ៏សំខាន់ក្នុងការបណ្តុះផ្នត់គំនិតពួកគេ ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិនាពេលអនាគត។ ចំពោះសិស្សដែលជាប់នឹងត្រូវបានបន្តទៅប្រឡងសិស្សពូកែប្រចាំរាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តទៀត។