«ការងារស្ម័គ្រចិត្ត គឺជាការងារដែលធ្វើចេញពីចិត្តដោយមិនគិតពីកម្រៃអ្វីទាំងអស់។ ការងារនេះ គឺជាទង្វើសប្បុរធម៌ដែលសង្គមត្រូវការ និងឱ្យតម្លៃបំផុត»។ នេះជាការលើកឡើងរបស់យុវសិស្ស គ្រួច ឈីម នៅក្នុងសិក្ខាសាលាស្ដីពីយុវជន និងការងារស្ម័គ្រចិត្ត ដែលរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
សិក្ខាសាលានេះ រៀបចំឡើងស្របតាមបរិយាកាសសង្គមកម្ពុជា ដែលកំពុងមានសន្ទុះនៃការធ្វើការងារស្ម័គ្រចិត្តពីសំណាក់យុវជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងការស្ម័គ្រចិត្តរួមចំណែកជាមួយអង្គការសង្គមស៊ីវិល គណបក្សនយោបាយ ព្រមទាំងបណ្ដាញយុវជនដែលបង្កើតឡើងដោយយុវជនផ្ទាល់។ យុវជនខ្មែរភាគច្រើនបានចាប់អារម្មណ៍ និងផ្តល់តម្លៃដល់ការងារស្ម័គ្រចិត្ត ខណៈដែលពួកគេកំពុងស្ថិតនៅជាសិស្ស ឬនិស្សិតនៅឡើយ។ ការភ្ជាប់ខ្លួនទៅនឹងការងារបែបនេះ ក៏ព្រោះតែពួកគេយល់វាបានផ្ដល់អត្ថប្រយោជន៍ច្រើន។
មានវ័យ១៦ឆ្នាំ ក្រូច ឈីម ធ្លាប់បានប្រឡូកនឹងកិច្ចការស្ម័គ្រចិត្តផ្នែកវប្បធម៌ និយាយបន្តថា តាមរយៈការងារស្ម័គ្រចិត្ត ពួកគេនឹងបានទទួលអត្ថប្រយោជន៍សំខាន់ ដូចជាបទពិសោធការងារ។ ការងារស្ម័គ្រចិត្តទាំងអស់ ទោះបីតិចឬច្រើន គឺសុទ្ធតែបានរួមចំណែកបង្ហាត់បង្រៀន និងបានផ្ដល់បទពិសោធការងារជាក់ស្ដែងដល់ពួកគេ។ បទពិសោធការងារនេះហើយដែលនឹងក្លាយទៅទុននាំឱ្យពួកគេទទួលបានការងារល្អមួយ។ ហើយបទពិសោធនេះ ដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់ពួកគេឆ្ពោះទៅដណ្ដើមអាហារូបករណ៍ទៅសិក្សានៅបរទេស។ ជាពិសេស ពួកគេក៏ទទួលបានអត្ថប្រយោជន៍មិត្តភាព និងភាពជាអ្នកដឹកនាំផងដែរ។
ដោយមានឆន្ទៈរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន ទោះបីជាមមាញឹកជាមួយនឹងកិច្ចការរៀនសូត្រ និងការងារយ៉ាងណាក៏ដោយ ក៏យុវជនខ្មែរមួយចំនួនបានឆ្លៀតយកពេលវេលាសិក្សានិងការងារទៅចូលរួមកិច្ចការសង្គមតាមលទ្ធភាពដែលអាចធ្វើបានដែរ។
ស្ថិតក្នុងវ័យសិក្សាកម្រិតសិស្សថ្នាក់ទី១១ ដែលបានចូលរួមនឹងកិច្ចការនេះរយៈពេលពីរឆ្នាំមកហើយនោះ យុវតី អន គីមប៉ យល់ថា ការងារដែលខ្លួនកំពុងធ្វើនេះ ទោះបីត្រូវចំណាយពេលវេលាបន្តិចមែន តែវាបានផ្ដល់ប្រយោជន៍ដល់សង្គមជាតិ និងខ្លួនឯងក្នុងកំឡុងពេលសិក្សា។
យុវតីវ័យ១៦ឆ្នាំរូបនេះ បន្តថា «ការងារស្ម័គ្រចិត្តមានអត្ថប្រយោជន៍ ហើយវាក៏ជាផ្នែកមួយចម្លងយើងទៅការងារបទពិសោធការងារ។ កាលណាយើងមានបទពិសោធទៅយើងងាយស្រួលស្វែងរកការងារធ្វើ ហើយមិនងាយខុសព្រោះយើងយល់ដឹងច្រើន ហើយក៏ជាផ្នែកមួយអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនផងដែរ។»
ទាក់ទងកិច្ចការងារនេះដែរ នាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក លោកស្រី កម្រង សាឯម មើលឃើញថា យុវជនបច្ចុប្បន្នមានភាពស្វាហាប់ ហ៊ានលះបង់ភាពខ្មាសអៀន និងចំណាយពេលវេលា ដើម្បីកសាងបទពិសោធការងារតាមរយៈការងារស្ម័គ្រចិត្តនេះ។ តែយុវជនមួយចំនួនទៀត នៅមិនទាន់យល់ច្បាស់នៅឡើយទេអំពីការងារស្ម័គ្រចិត្តនេះ។ ដូច្នេះយុវជនគួរតែចំណាយពេលលើកិច្ចការទាំងនេះ។
ទោះបីជាយុវជនខំធ្វើការអស់ទាំងនេះដោយគ្មាននិន្នាការទៅលើអ្វីក៏ដោយ ក៏ពួកគេនៅតែទទួលរងការរិះគន់ពីបុគ្គលមួយចំនួនថា ការធ្វើកិច្ចការអស់ទាំងនេះ គឺជាការចំណាយដោយឥតប្រយោជន៍ ឬត្រូវគេបោកប្រាស់យកទៅប្រើជាប្រយោជន៍ឱ្យបក្សពួកនិយមក៏ថាបានដែរ។ តែសម្រាប់យុវសិស្ស ក្រូច ឈីម ដែលធ្លាប់មានពិសោធន៍លើការងារទាំងអស់នេះ ពុំយល់ស្របនឹងការលើកឡើងនេះទេ។
យុវសិស្សរូបនេះ យល់ថា «ធ្វើការងារហ្នឹងអ្វើអី គេបោកហ្នឹង។ តើយើងធ្វើទៅចេះអ្នកណាគេ? …. យើងបង្កើតចំណុចអវិជ្ជមានរបស់យើងឱ្យក្លាយជាចំណុចវិជ្ជមាន។ យើងបានប្រែក្លាយចំណុចខ្សោយឱ្យទៅជាចំណុចខ្លាំង។ ដូច្នេះសូមកុំគិតថាវាឥតប្រយោជន៍..»។
យ៉ាងណា យុវសិស្ស ក្រូច ឈីម មានយោបល់ថា ដ្បិតថាការងារស្ម័គ្រចិត្តមានប្រយោជន៍សម្រាប់យ៉ាងណាក៏ដោយ ក៏យើងគួរជ្រើសរើសពេលវេលាសមស្របសម្រាប់ការងារនេះ គឺធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការសិក្សា និងជីវិតផ្ទាល់ខ្លួន៕