ដូចការគ្រោងទុក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ សិស្សានុសិស្ស រួមទាំងបុគ្គលិកសិក្សា ប្រមាណ ៦០០នាក់ មកពីគ្រឹះស្ថានអប់រំរបស់ឧកញ៉ា គួច ម៉េងលី បានរៀបចំទិវាបរិស្ថាន ដោយនាំគ្នាដើររើសសំរាម នៅតាមទីតាំងចំនួន៦ ក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ស្ដីពីបរិស្ថានរស់នៅ អនាម័យសុខភាព សោភណ្ឌភាពរាជធានី និងចូលរួមយុទ្ធនាការលើកកម្ពស់បរិស្ថានបៃតងដល់សាធារណជន ជាពិសេសផ្ដល់គំរូល្អក្នុងការថែរក្សាអនាម័យបរិស្ថាន។
លោកឧកញ៉ា គួច ម៉េងលី បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានេះ គឺចង់ដាស់តឿនស្មារតីដល់សិស្ស ដើម្បីឱ្យពួកគេបន្តដាស់តឿនស្មារតីដល់ក្រុមគ្រួសារពួកគេក្នុងការថែរក្សាអនាម័យបរិស្ថាន។ ជាពិសេស គឺណែនាំឱ្យប្រជាពលរដ្ឋចេះទុកដាក់ និងចេះចោលសំរាមឱ្យបានត្រឹមត្រូវ។
លោកឧកញ៉ា បន្តថា ការបោះសំរាមពាសវាលពាសកាល ពេលភ្លៀងមកម្តងៗធ្វើឱ្យសំរាមទាំងនះហូរចូលលូបណ្តាលឱ្យស្ទះលូ ព្រមទាំងនាំឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងគ្នានេះ លោក រឿង សុភាព នាយកចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានឱ្យដឹងថា ទីតាំងចំនួន៦ ដែលត្រូវយុទ្ធនាការសម្អាតនោះ ចាប់ពីអគារ Aii និង AIS សាខាចោមចៅដល់រង្វង់មូលចោមចៅ(ផ្លូវវេងស្រេង) ពីរង្វង់មូលចោមចៅដល់វិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីស្តុបកប់ស្រូវដល់វិទ្យាល័យជម្ពូវ័ន (ផ្លូវជាតិលេខ៤) ពីសណ្ឋាគារយូអេងដល់រង្វង់ចោមចៅ (មហាវិថីសហព័ន្ធរុស្ស៊ី) ពីរង្វង់មូលចោមចៅដល់ការ៉ាសសាំង PTT (ផ្លូវជាតិលេខ៣) និងពីក្រុមហ៊ុន ISUZU ដល់ Aii និង AIS (ផ្លូវវេងស្រេង)។
លោក រឿង សុភាព បញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹង ស្ដីពីបរិស្ថានរស់នៅ អនាម័យសុខភាព សោភណ្ឌភាពរាជធានីឱ្យកាន់តែប្រសើរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតង ដល់សង្គម ឬប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទីក។
លោកបានលើកឡើងថា «ទីណាមាន Aii និង AIS ទីនោះជាគំរូដ៏ល្អមួយក្នុងការចូលរួមចំណែកការពារបរិស្ថានក្នុងទីក្រុង ជាពិសេសសិស្សានុសិស្សជាគំរូល្អក្នុងសង្គម ធ្វើជាពលរដ្ឋល្អក្នុងការចូលរួមសហការណ៍ និងថែរក្សាអនាម័យសុខភាពក្នុងទីក្រុង»។
ក្នុងឱកាសនេះដែរ យុវសិស្ស ពិដោរ និរន្តរ៍សិរី បានលើឡើងថា ការចួលរួមយុទ្ធនាការការសម្អាតបរិស្ថាន ដើម្បីដើររើសសំរាម សម្អាតបរិស្ថាននៅតាមដងផ្លូវ គឺចង់ទីក្រុងភ្នំពេញស្អាត មានខ្យល់ធម្មជាតិ និងប្រជាពរដ្ឋមានសុខភាពល្អ។
សិស្សស្រីម្នាក់នេះ បញ្ជាក់ថា ទោះការដើររើសសំរាមមិនអស់ តែវាជាសកម្មមួយបង្ហាញឱ្យប្រជាពលរដ្ឋបានឃើញ ហើយប្ដូរឥរិយាបថដោយចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយសាលារាជធានីភ្នំពេញ ប្រារព្ធយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីរាជធានីគ្មានសំរាម៕