កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីបិទបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ ដែលបានធ្វើឡើងនៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ថិតក្នុងរាជធានីភ្នំពេញ។
កម្មវិធីនេះចាប់ផ្តើមឡើង តាមវេនសិក្សារបស់សិស្សានុសិស្សផ្សេងពីគ្នាដែលមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ជាពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី៦ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៣០៥០នាក់។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយជាមួយនឹងការបង្ហាញទេពកោសល្យដ៏ល្អៗ និងប៉ិនប្រសប់របស់ប្អូនៗសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដូចជាការច្រៀងចម្រៀង និងលេងហ្គីតា ការច្រៀងចម្រៀងរួមគ្នា និងបង្ហាញចង្វាក់រាំ ព្រមទាំងមានការសម្តែងរឿងខ្លីអម ដោយល្បុក្កតោយ៉ាងសប្បាយរីរាយ។ មានការថ្លែងសុន្ទរកថារបស់គ្រូ សិស្ស និងអតីតសិស្ស អន្តរទ្វីប និង មានប្រសាសន៍សំណេះសំណាល ក្រោមអធិបតីភាពរបស់ Dr. គួច ម៉េងលី ស្ថាបនិក និងប្រធាន ចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានការប្រគល់បណ្ណសរសើរដល់សិស្សជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែង សរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ (សិស្សវិទ្យាល័យ) ឆ្នាំ២០១៧ (Global Youth Entrepreneurship Challenge 2017) និងប្រគល់បណ្ណសរសើរដល់សិស្សជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រកួតប្រវត្តិសាស្ត្រធម្មជាតិសាកលឆ្នាំ២០១៧ (Global Natural History Day 2017) នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅចុងបញ្ចប់នៃកម្មវិធី លោកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចុះហត្ថលេខា និងអនុញ្ញាតឱ្យ ប្អូនសិស្សានុសិស្សចុះហត្ថលេខាលើអាវពណ៌សរបស់លោក ដើម្បីទុកជាអនុស្សាវរីយ៍ ក្នុងឆ្នាំសិក្សារបស់ប្អូនៗ ហើយធ្វើឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ និងមានការចងចាំកាន់តែយូរ