អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “កម្មវិធីនៅលើទូរសព្ទសម្រាប់ការបង្រៀនកូនតូចបន្ថែមនៅផ្ទះ”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool
មានប៉ាម៉ាក់ជាច្រើន តែងតែរអ៊ូរទាំថា កូនតូចរបស់ខ្លួនញៀនលេងទូរសព្ទ ភ្លេចរៀនសូត្រស្ទើរតែរាល់ថ្ងៃ ហើយមិនដឹងគួររកវិធីណាដើម្បីឱ្យកូនគាត់ អាចទាញយកផលចំណេញពីការលេងនេះបាន។ ក្នុងករណីប៉ាម៉ាក់រវល់ការងារ មិនសូវមានពេលបង្រៀនកូនតូចៗ និងចូលចិត្តហុចទូរសព្ទឱ្យកូនលេង ដើម្បីឱ្យកូននៅស្ងៀម ពេលនេះយើងអាចនាំពួកគាត់ឱ្យរៀនអក្សរតាមទូរសព្ទជំនួសការបណ្ដោយឱ្យកូនៗលេង ហ្គេមបាន។ ទាំងនេះគឺជា App ល្អៗសម្រាប់កុមារចំនួន០៣ ដើម្បីឱ្យកូនតូចៗរបស់លោកអ្នកងាកពីការលេងហ្គេម មករៀនសរសេរអក្សរទាំងខ្មែរ និងអង់គ្លេសជំនួសវិញ៖
១. Learn Khmer Alphabets : ប៉ាម៉ាក់ទាំងអស់អាចទាញយក App នេះទុកឱ្យកូនតូចៗរៀនបាន ព្រោះវាជា App បង្រៀនព្យញ្ជនៈខ្មែរ ស្រៈខ្មែរ លេខខ្មែរ និងស្រៈពេញតួខ្មែរ។ មិនមានជាការបង្រៀន វីដេអូទេ ប៉ុន្តែកូនរបស់អ្នកអាចរៀនបានតាមរយៈការចុចនៅលើលេខ ឬព្យញ្ជនៈខ្មែរ នោះនឹងមានសំឡេងបញ្ជាក់ប្រាប់ភ្លាមៗ ឧទាហរណ៍ថា កូនអ្នកចុចនៅលើអក្សរ “ក” វានឹងឮសំឡេងបញ្ជាក់ថា នេះគឺជាអក្សរ “ក”។
២. សរសេរខ្មែរ : បន្ទាប់ពីកូនតូចៗរបស់អ្នកចេះអាន និងស្គាល់អក្សរ ឬលេខអស់ហើយ យើងអាចបង្រៀនពួកគាត់សរសេរវិញម្ដងតាមរយៈ App “សរសេរខ្មែរ” វិញម្ដង។ App មួយនេះអាចអាចបង្រៀនកូនតូចៗឱ្យចេះសរសេរទៅតាមកម្រិតថ្នាក់បឋមបាន ទាំងស្រៈ និងអក្សរខ្មែរ អមជាមួយនឹងរូបភាពសម្រាប់កុមារផងដែរ។
៣. ABC Kids-Tracing & Phonics : បន្ទាប់ពីរៀនអក្សរខ្មែរ និងចេះសរសេរហើយ យើងអាចនាំពួកគាត់មករៀនភាសាអង់គ្លេសបន្ថែមទៀត។ App នេះអាចបង្រៀនកូនតូចៗឱ្យចេះអាន និងសរសេរអក្សរអង់គ្លេស តាំងពី A ដល់ Z អមទៅដោយរូបភាពយ៉ាងស្រស់ស្អាតគ្រប់មេរៀនទាំងអស់។ លោកអ្នកអាចទាញយកកម្មវិធីទាំងបីនេះបានទាំងនៅលើ App Store និង Play Store។
គូសបញ្ជាក់ផងដែរថា ក្នុងករណីប៉ាម៉ាក់មានពេលបង្រៀនកូនៗគួរណាស់តែបង្រៀនពួកគាត់ផ្ទាល់ ប្រសើរជាហុចទូរសព្ទឱ្យលេង ប៉ុន្តែប្រសិនបើមិនមានពេល អាចណែនាំកូនៗឱ្យប្រើ App ខាងលើ ឬ App បង្រៀនផ្សេងៗទៀតឱ្យក្លាយជាទម្លាប់របស់ពួកគាត់ទើបល្អ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://tech-cambodia.com